មន្ត្រីនៃពន្ធនាគារខេត្តបន្ទាយមានជ័យ ចំនួនជាង១០០នាក់ បានរួមគ្នាបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្ស ផ្តល់ជូនមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន ដែលជាការរួមចំណែកផ្តល់ឈាមជួយសង្គ្រោះអាយុជីវិតរបស់ពលរដ្ឋ ដែលកំពុងខ្វះខាតឈាមនៅតាមបណ្តាមន្ទីរពេទ្យនៅទូទាំងខេត្តបន្ទាយមានជ័យ។

លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីសុខាភិបាលខេត្ត នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ តំណាងរដ្ឋបាលខេត្តក៏បានថ្លែងអំណរគុណថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យ ដែលចូលរួមបរិច្ចាគឈាមនៅ ដែលជាប្រធានបទដ៏មានអត្ថន័យ និងមានគោលបំណងសំខាន់២គឺ ៖ ទី១-បង្កើតទម្លាប់ និងវប្បធម៌នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងជំរុញលើកកម្ពស់ឱ្យយុវជន ប្រជាជនទូទៅចូលរួមធ្វើសកម្មភាពជាមួយសេវាកម្មជាតិផ្តល់ឈាម នៅទូទាំងប្រទេសដើម្បីធានាឱ្យមានការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់ សម្រាប់អ្នកជំងឺដែលកំពុងត្រូវការឈាមនៅគ្រប់មន្ទីរពេទ្យទាំងអស់ដោយគ្មានការរើសអើង មិនប្រកាន់ជាតិសាសន៍ឬ សាសនា។ ទី២-ផ្សារភ្ជាប់សកម្មភាពនៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ទៅនឹងសកម្មភាពមនុស្សធម៌ ដ៏ល្អប្រពៃក្នុងសង្គម ។

ឯកឧត្តម អគ្គានុរក្សថ្នាក់លេខ១ សែម ស៊ីណង អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ បានថ្លែងការកោតសរសើរថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យ ដែលបានរួមគ្នាបរិច្ចាគ ឈាមដើម្បីជួយសង្គ្រោះជីវិត និងបានធ្វើសកម្មភាពគ្រប់បែបយ៉ាង ដើម្បីលើកកម្ពស់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងមិនទទួលកម្រៃរួមចំណែកជួយសង្គ្រោះជីវិតជនរងគ្រោះដោយក្តីសប្បុរស៕ អត្ថបទ៖ រឿង ចន្ទ្រា





