មន្ត្រីជាន់ខ្ពស់ថៃម្នាក់បាននិយាយថា គំនិតផ្តួចផ្តើមមនុស្សធម៌ថ្មីដែលដឹកនាំដោយប្រទេសថៃ មានគោលបំណងត្រួសត្រាយផ្លូវសម្រាប់កិច្ចពិភាក្សារវាងក្រុមជំរំសង្គ្រាមនៅក្នុងសហភាពមីយ៉ាន់ម៉ា ដែលគ្រប់គ្រងដោយយោធា រយៈពេលបីឆ្នាំបន្ទាប់ពីរដ្ឋប្រហារបានបង្កឱ្យមានអស្ថិរភាព និងរលកនៃអំពើហិង្សានៅទូទាំងប្រទេស។

អនុរដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) បាននិយាយថា ប្រទេសថៃគ្រោងនឹងបង្កើតតំបន់សុវត្ថិភាពមនុស្សធម៌នៅចុងខែនេះ នៅឯព្រំដែនរបស់ខ្លួនជាមួយប្រទេសមីយ៉ាន់ម៉ា ក្បែរច្រកឆ្លងកាត់ មេសុត មីយ៉ាវ៉ាឌី (Mae Sot-Myawaddy) ដើម្បីចែកចាយស្បៀងអាហារ និងការផ្គត់ផ្គង់ថ្នាំពេទ្យដល់សហគមន៍មូលដ្ឋាន និងមនុស្ស ២០.០០០ នាក់ដែលត្រូវបានផ្លាស់ទីលំនៅដោយការប្រយុទ្ធ។
លោក ស៊ីហាសាក់ បាននិយាយថា ផែនការនេះនឹងបង្កើនកិច្ចខិតខំប្រឹងប្រែងដោយសមាជិក ១០ប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ហើយគោលដៅចុងក្រោយគឺដើម្បីនាំយកជម្លោះនេះឱ្យស្ថិតក្រោមការគ្រប់គ្រង និងបើកបណ្តាញសន្ទនា។

អនុរដ្ឋមន្ត្រីការបរទេសរូបនេះបានបន្ថែមថា ផែនការដែលដឹកនាំដោយថៃនេះអាចនាំទៅរកការចរចាដែលរួមមានរបបសឹក ក្រុមប្រដាប់អាវុធជនជាតិភាគតិច និងរដ្ឋាភិបាលឯកភាពជាតិ ឬរដ្ឋាភិបាលស្រមោល ដែលជាសម្ព័ន្ធមិត្តជាមួយកងជីវពលគាំទ្រលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែលោកមិនបាននិយាយថា តើរបបសឹកបានយល់ព្រមក្នុងការចរចាបែបនេះ ឬយ៉ាងណានោះទេ៕
