ព្យុះប៉ាស៊ីហ្វិកដ៏មហន្តរាយដែលជាប្រព័ន្ធអាកាសធាតុ តាមដានសំណើមបរិយាកាស ឬហៅថា ផាញអេបផល អ៊ិចស្រ្ពេស (Pineapple Express) ទីពីរ ដែលបានបោកបក់នៅឆ្នេរសមុទ្រភាគខាងលិចក្នុងរយៈពេលតិចជាងមួយសប្តាហ៍ បានបន្តបោកបក់លើភាគខាងត្បូងរដ្ឋកាលីហ្វ័រនីញ៉ា (California) កាលពីថ្ងៃចន្ទ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣ នាក់ និងបានបញ្ចេញនូវទឹកភ្លៀងធ្លាក់យ៉ាងខ្លាំង ដែលបណ្តាលឱ្យមានទឹកជំនន់តាមដងផ្លូវ និងបំណាក់ដីនៅទូទាំងតំបន់។

ការជូនដំណឹងអំពីអាកាសធាតុធ្ងន់ធ្ងរសម្រាប់ទឹកជំនន់ ខ្យល់បក់ខ្លាំង និងស្ថានភាពព្យុះរដូវរងាត្រូវបានបង្ហោះកាលពីថ្ងៃចន្ទ នៅទូទាំងផ្នែកនៃរដ្ឋកាលីហ្វ័រនីញ៉ា និងភាគនិរតីនៃរដ្ឋអារីហ្សូណា (Arizona) ដែលមានមនុស្សប្រហែល ៣៥ លាននាក់រស់នៅ ហើយអាជ្ញាធរបានជំរុញឱ្យអ្នកស្រុកកាត់បន្ថយការបើកបរ និងការចេញទៅក្រៅ។
នាយកដ្ឋាននគរបាលក្រុង ឡូស អែនជើលេស (Los Angeles) បានរាយការណ៍ពីការប៉ះទង្គិចចរាចរណ៍ជាច្រើនជាមួយនឹងការរងរបួសចាប់តាំងពីព្យុះបានចាប់ផ្តើម។
យោងតាមទីភ្នាក់ងារផ្គត់ផ្គង់អគ្គិសនី និងគេហទំព័រតាមដានការដាច់ចរន្ត PowerOutage.us បានឲ្យដឹងថា លំនៅឋាន និងអាជីវកម្មជាង ៣៥០.០០០ ទីតាំង មិនមានអគ្គិសនីប្រើប្រាស់ក្នុងរដ្ឋកាលីហ្វ័រនីញ៉ា កាលពីថ្ងៃច័ន្ទ បន្ទាប់ពីព្យុះបានវាយលុករដ្ឋនេះដោយមានភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោកខ្លាំង ដែលដំបូងឡើយបានផ្តាច់ចរន្តដល់អ្នកប្រើប្រាស់ជាងមួយលាននាក់៕
