វិមានក្រឹមឡាំង កាលពីថ្ងៃចន្ទ (០៥ កុម្ភៈ) បានព្រមានលោកខាងលិច ថារាល់ការប៉ុនប៉ងប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កក ជាវត្ថុបញ្ចាំដើម្បីរៃអង្គាសថវិកាសម្រាប់អ៊ុយក្រែន នឹងក្លាយជារឿងខុសច្បាប់ ហើយនាំឱ្យមានវិវាទផ្លូវច្បាប់ជាច្រើនឆ្នាំ ព្រោះទីក្រុងមូស្គូ នឹងប្រឈមមុខនឹងសកម្មភាពបែបនេះ។

សារព័ត៌មាន FT បានរាយការណ៍កាលពីថ្ងៃសៅរ៍ ថាក្រុមប្រទេសទាំង៧ (G7) បានរៀបចំផែនការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលត្រូវបានបង្កក ជាវត្ថុបញ្ចាំសម្រាប់បំណុលដែលបានលក់ដើម្បីជួយអ៊ុយក្រែន ហើយសារព័ត៌មាន ប្លុមប៊ឺក (Bloomberg) ក៏បានរាយការណ៍អំពីផែនការនេះផងដែរ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផេស្កូវ (Dmitry Peskov) បាននិយាយថា «យើងមិនទាន់ដឹងថាតើពិតជាមានផែនការបែបនេះ ឬយ៉ាងណានោះទេ។ បើនោះជាការពិត វានឹងក្លាយជារឿងខុសច្បាប់ ហើយនាំឱ្យមានការវិវាទជាច្រើនឆ្នាំក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ី ជាវត្ថុបញ្ចាំដើម្បីរៃអង្គាសថវិកាសម្រាប់អ៊ុយក្រែន»។
បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជូនទាហានចូលអ៊ុយក្រែន ក្នុងឆ្នាំ២០២២ មក សហរដ្ឋអាមេរិក និងបណ្ដាសម្ព័ន្ធមិត្តបានរារាំងប្រតិបត្តិការជាមួយធនាគារកណ្តាល និងក្រសួងហិរញ្ញវត្ថុរបស់រុស្ស៊ី ដោយបង្កកទ្រព្យសម្បត្តិអធិបតេយ្យភាពរបស់រុស្ស៊ី ប្រមាណ ៣០០ ពាន់លានដុល្លារនៅលោកខាងលិច៕
