ក្រុមអាជីវកររាជធានីភ្នំពេញបានលើកស្រដៀងគ្នាថា គិតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះអំឡុងរដូវបុណ្យទាន ឬរដូវសែនចិន-វៀតណាមជាដើម ការលក់ដូរនៅតែមានភាពល្អប្រសើរ ជាពិសេសការលក់ផ្លែឈើ និងនំសម្រាប់សែន ប៉ុន្តែប្រាក់ចំណេញបានតិចពិព្រោះត្រូវទិញបន្តយកមលក់ពីឈ្នួញកណ្តាល ឬយកមកលក់បន្តគ្នានៅលើទីផ្សារធ្វើឱ្យទំនិញមានតម្លៃខ្ពស់។

ក្នុងបទសម្ភាសន៍រវាងទូរទស្ស៍ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈនេះ អាជីវករលក់ផ្លែឈើ នៅផ្សារច្បារអំពៅ បានប្រាប់ឲ្យដឹងថា ក្នុងរដូវបុណ្យទានម្តងៗតម្រូវការគឺពិតជាមានច្រើនជាងថ្ងៃធម្មតា ប៉ុន្តែការលក់ហាក់ពិបាកជាងពេលមុនៗ ដោយសារកំណើននៃអ្នកលក់ដូចគ្នា និងហេតុផលមួយផ្សេងទៀត គឺតម្លៃទទួលបន្តពីអ្នកចែកចាយកើនឡើង។

ក្រុមអាជីករផ្សារបានលើកឡើងស្រដៀងគ្នាថា នៅឆ្នាំ២០២៤នេះ ការប្រកបមុខរបររកស៊ី នឹងកាន់តែកាក់កបជាងពេលមុនៗ ខណៈជំងឺកូវីដ១៩ ក៏មានភាពល្អប្រសើរច្រើន និងសង្ឃឹមទៀតថា ឆ្នាំថ្មីនេះនឹងនាំមកនូវភាពសម្បូរសប្បាយ រុងរឿង ជាពិសេសការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មីទី៧ ធ្វើឲ្យប្រទេសជាតិកាន់តែរីកចម្រើន និងរក្សានិរន្តរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលវែងជាមួយនឹងកំណែទម្រង់កាន់តែស៊ីជម្រៅ។

សូមជម្រាបជូនថា នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ ជាថ្ងៃសែនកុងម៉ារបស់ជនជាតិចិន វៀតណាម និងជនជាតិខ្មែរសែស្រឡាយចិន។ ពីមួយឆ្នាំទៅមួយ ឃើញមានប្រជាពលរដ្ឋខ្មែរសែស្រឡាយចិន ប្រជាជនចិន ក៏ដូចជាប្រជាជនខ្មែរកាត់វៀតណាមនៅក្នុងប្រទេសកម្ពុជា បាននាំគ្នាប្រារព្ធបុណ្យចូលឆ្នាំចិន-វៀតណាមកាន់តែច្រើនឡើងៗផងដែរ៕អត្ថបទ៖ ឈិត បូរ៉ាវី


