សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនីមួយៗ គឺត្រូវបង្កើតវប្បធម៌ និងលក្ខណៈសម្បត្តិឱ្យប្រជាជនអាចមានលទ្ធភាពរស់ខ្លួនឯងបាន មិនអាចរដ្ឋចិញ្ចឹមរហូតនោះទេ។

សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានមានប្រសាសនស៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាធិបតី ក្នុងពិធី បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសង្គម កិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅទីស្តីការក្រសួងសង្គមកិច្ច។
ក្នុងឱកាសនោះសម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានថ្លែងថា គោលនយោបាយរបស់រាជរដ្ឋាភិបាល គ្រប់អាណត្តិ គឺធ្វើយ៉ាងណាឱ្យប្រទេសកាន់តែរីកចម្រើន តាមរយៈធ្វើឱ្យប្រជាពលរដ្ឋរីកចម្រើន កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាព។ សម្តេចបានថ្លែងថា ២០ឆ្នាំក្រោយមានសុខសន្តិភាព រាជរដ្ឋាភិបាល បានប្រឹងប្រែងប្រែក្លាយជីវភាពប្រជាពលរដ្ឋ ពីកម្រិតក្រីក្រ ទៅជាចំណូលមធ្យម និងពីមធ្យម ទៅចំណូលខ្ពស់។
សម្តេចធិបតី នាយករដ្ឋមន្រ្ដីបានរម្លឹកថា ជាការសោកស្តាយវិបត្តិជំងឺកូវីដ១៩ និងវិបត្តិអតិផរណា ធ្វើឱ្យស្ថានភាពសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋធ្លាក់ចុះ តែរាជរដ្ឋាភិបាលមិនអង្គុយកើតទុក្ខ ឬយំនោះទេ ហើយបានប្រឹងប្រែងដោះស្រាយបញ្ហាទាំងអស់នោះជាបន្តបន្ទាប់។ ក្នុងនោះការជួយប្រជាពលរដ្ឋ គឺជាការជួយសេដ្ឋកិច្ចជាតិ។ សម្តេចបន្ថែមថា សេដ្ឋកិច្ចជាតិមិនអាចមានលំនឹងទេ បើសេដ្ឋកិច្ចប្រជាពលរដ្ឋគ្មានលំនឹង៕ អត្ថបទ៖ វ៉ន ដារ៉ា
