ប្រជាជនអែលសាវ៉ាឌ័រ នៅក្នុងរដ្ឋធានី សាន សាល់វ៉ាឌ័រ (San Salvador) កាលពីថ្ងៃចន្ទ បានបែងចែកគ្នា ជុំវិញការជាប់ឆ្នោតជាថ្មីរបស់ប្រធានាធិបតី លោក ណាជីព ប៊ូកែល (Nayib Bukele) ដែលបានទទួលជ័យជម្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោត កាលពីថ្ងៃអាទិត្យ។

ប្រជាជនអែលសាវ៉ាឌ័រ លោក ខាឡូស ប្លានកូ (Carlos Blanco) បានគាំទ្រការបន្តកាន់តំណែងរបស់លោក Bukele ដោយបង្ហាញពីការងាររបស់រដ្ឋាភិបាលរបស់លោក ក្នុងការប្រយុទ្ធប្រឆាំងអំពើហឹង្សាក្នុងប្រទេស។ អ្នកផ្សេងទៀត ដូចជាកម្មករធ្វើការនៅពេលថ្ងៃ លោក រូបេន ហ្គាសៀ(Ruben Garcia) បានចាត់ទុកការជាប់ឆ្នោតថ្មីរបស់ លោក Bukele ថា «មិនសមស្របទាល់តែសោះ» ចំពោះការប្រឆាំងទៅនឹងរដ្ឋធម្មនុញ្ញ។

ក្រុមអ្នកវិភាគ បានបង្ហាញការព្រួយបារម្ភអំពីការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យ បន្ទាប់ពីតុលាការកំពូលក្នុងការបោះឆ្នោត បានអនុញ្ញាតឱ្យលោកឈរឈ្មោះក្នុងអាណត្តិទីពីរ ទោះបីជារដ្ឋធម្មនុញ្ញរបស់ប្រទេស បានហាមឃាត់ក៏ដោយ។
លោក Bukele បានធ្វើយុទ្ធនាការលើភាពជោគជ័យនៃយុទ្ធសាស្ត្រសន្តិសុខរបស់លោក ដែលអាជ្ញាធរ បានផ្អាកសេរីភាពស៊ីវិល ដើម្បីចាប់ខ្លួនប្រជាជនអែលសាវ៉ាឌ័រជាង ៧៥.០០០នាក់ ដោយគ្មានការចោទប្រកាន់។ ការចាប់ខ្លួននេះ បាននាំឱ្យមានការថយចុះយ៉ាងខ្លាំងនៃអត្រាឃាតកម្មនៅទូទាំងប្រទេស ហើយបានផ្លាស់ប្តូរជាមូលដ្ឋានរបស់ប្រទេសមានប្រជាជនចំនួន ៦,៣លាននាក់ ដែលធ្លាប់ជាប្រទេសគ្រោះថ្នាក់បំផុតរបស់ពិភពលោក។
លទ្ធផលបណ្តោះអាសន្ន កាលពីថ្ងៃច័ន្ទបង្ហាញថា លោក Bukele ទទួលបានការគាំទ្រ ៨៣ភាគរយ ដោយសន្លឹកឆ្នោតជាង ៧០ភាគរយ ត្រូវបានរាប់៕
