សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា កិច្ចអន្តរាគមន៍របស់រាជរដ្ឋាភិបាលជួយទៅដល់ប្រជាពលរដ្ឋនៅក្នុងគ្រាជួបគ្រោះអាសន្ន គឺមិនមែនជាការជួយជាអចិន្រ្ដៃយ៍នោះទេ ប៉ុន្ដែជាការជួយប្រជាពលរដ្ឋក្នុងគ្រាមានទុក្ខលំបាក ហើយធ្វើយ៉ាងណាឱ្យប្រជាជនមានជីវភាពល្អប្រសើរឡើងវិញ រករស់បានដោយខ្លួនឯង។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានមានប្រសាសនស៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាធិបតី ក្នុងពិធី បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសង្គម កិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅទីស្តីការក្រសួងសង្គមកិច្ច។
សម្ដេចធិបតីថ្លែងថាសេដ្ឋកិច្ចរបស់កម្ពុជា គឺជាសេដ្ឋកិច្ចទីផ្សារសេរី ដូច្នេះរាជរដ្ឋាភិបាលចង់ធ្វើយ៉ាងណាឱ្យប្រជាជនមានជីវភាព រកត្រីបានដោយខ្លួនឯង គឺអាចរស់ដោយខ្លួនឯងបាន។ ប៉ុន្ដែត្រូវទទួលស្គាល់ផងថា រាល់ពេលទាំងអស់នៅក្នុងប្រទេសកម្ពុជាតែងតែមានពលរដ្ឋមិនអាចរកត្រីបានហើយ ដូចជាពលរដ្ឋមានពិការភាព ពលរដ្ឋមានសុខភាពមិនល្អពីកំណើត កុមារកំព្រាជាដើម ដែលទាំងនេះរដ្ឋត្រូវយកចិត្តទុកដាក់ជួយដល់ពួកគេ។
ក្នុងឱកាសនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គោលនយោបាយអាទិភាពទាំង៦ ដែលរាជរដ្ឋាភិបាលបានដាក់ចេញត្រៀមថវិកាជិត ៤៥០ លានដុល្លារ សម្រាប់ជួយដល់ប្រជាពលរដ្ឋ។ ក្នុងនោះគោលនយោបាយគាំពារសង្គម គឺជាការជួយប្រជាពលរដ្ឋក្នុងរយៈពេលខ្លី ហើយអាចឱ្យគាត់មានលទ្ធភាពរស់ក្នុងរយៈពេលវែង៕ អត្ថបទ៖ វ៉ន ដារ៉ា
