ការដឹកជញ្ជូននៅពេលព្រឹកក្នុងទីក្រុងតូក្យូរបស់ប្រទេសជប៉ុន បានជួបប្រទះការរំខានតិចជាងការដែលព្រួយបារម្ភ នៅថ្ងៃអង្គារនេះ បន្ទាប់ពីព្រិលធ្លាក់ខ្លាំងពេញមួយយប់។
អ្នកដំណើរនៅខាងក្រៅស្ថានីយ៍រថភ្លើង ស្សីនជូគុ(Shinjuku) ទីក្រុងតូក្យូ ជាស្ថានីយ៍មមាញឹកបំផុតមួយរបស់ពិភពលោកដែលមានអ្នកដំណើរប្រមាណ ៣,៦លាននាក់ឆ្លងកាត់ជារៀងរាល់ថ្ងៃ បាននិយាយថា អាកាសធាតុរដូវរងា ពុំបានធ្វើឱ្យពួកគេមានការពន្យារពេលយូរនោះទេ។

អ្នកធ្វើដំណើរម្នាក់ឈ្មោះ Ohashi បាននិយាយថា ពុំមានផលប៉ះពាល់ខ្លាំងទេ ដោយរថភ្លើងរបស់លោក ត្រូវបានពន្យារពេលប្រហែលត្រឹមតែ ៥ នាទីប៉ុណ្ណោះ។ ប៉ុន្តែស្ថានភាពនៅលើដីនៅតែគ្រោះថ្នាក់នៅកន្លែងមួយចំនួន។ កម្មករនៅខាងក្រៅស្ថានីយ៍ បានប្រើប៉ែល និងអំបោស ដើម្បីសម្អាតព្រិល និងទឹកកកចេញពីផ្លូវឆ្លងកាត់ថ្មើរជើងដ៏មមាញឹក។

ដោយដកស្រង់សម្តីពីមន្ត្រីនាយកដ្ឋានពន្លត់អគ្គីភ័យទីក្រុងតូក្យូ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា គិតត្រឹមម៉ោង ៩ ព្រឹកម៉ោងក្នុងស្រុក នៅថ្ងៃអង្គារនេះ មនុស្សចំនួន ១០៥នាក់ នៅទីក្រុងតូក្យូត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដោយរថយន្តគិលានសង្គ្រោះ បន្ទាប់ពីការរអិលដួលដោយសារព្រិល។
កាលពីថ្ងៃចន្ទ ទីភ្នាក់ងារឧតុនិយមរបស់ប្រទេសជប៉ុន បានចេញការព្រមានអំពីការធ្លាក់ព្រិលខ្លាំង លើកដំបូងក្នុងឆ្នាំនេះ សម្រាប់ទីក្រុងតូក្យូ ដែលកម្រឃើញមានព្រិលធ្លាក់ខ្លាំងនៅកណ្តាលទីក្រុង៕
