បណ្ដាគណបក្សនយោបាយនានា បន្តគាំទ្រចំណាត់ការរបស់មេធាវីតំណាងគណបក្សប្រជាជនកម្ពុជាក្នុងការប្តឹងមន្រ្ដីសមាគមអាដហុក ដែលមានចរិតលក្ខណៈកេងចំណេញនយោបាយ។

បន្ទាប់ពីមេធាវីតំណាងគណបក្សប្រជាជនកម្ពុជា បានស្រង់នូវខ្លឹមសារសម្ភាសន៍របស់លោក ស៊ឹង សែនករុណា មន្រ្តីសមាគមអាដហុក ពាក់ព័ន្ធនឹងនឹងករណីលោក សុន ឆ័យ នូវខ្លឹមសារមានចេតនាបំភ្លៃផ្ទុយពីការពិតថា គណបក្សប្រជាជនកម្ពុជាប្រើប្រព័ន្ធតុលាការមកដោះស្រាយ និងតែងតែយកតុលាការមកធ្វើជារបាំងក្នុងការគាបសង្កត់ដៃគូនយោបាយប្រឆាំងរបស់ខ្លួននោះ មានគណបក្សនគរប្រជាធិបតេយ្យ បានចេញញត្តិគាំទ្រ និងថ្កោលទោសចំពោះទង្វើខាងលើ ដែលមានចរិតលក្ខណៈកេងចំណេញនយោបាយ គ្មានមូលដ្ឋានផ្នែកច្បាប់ ប៉ះពាល់ដល់ស្ថាប័នតុលាការ និងបានធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តសិទ្ធិតាមផ្លូវច្បាប់របស់គណបក្សប្រជាជនកម្ពុជា ក្នុងនាមជាដើមបណ្តឹងរដ្ឋប្បវេណី។
ជាមួយនឹងបណ្តឹងនេះ គណបក្សនគរប្រជាធិបតេយ្យ បញ្ជាក់ថា បទសម្ភាសន៍នេះវាយប្រហារមកលើរាជរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជនកម្ពុជា ដែលកន្លងមកតែងតែធ្វើសកម្មភាពនយោបាយញុះញង់ឱ្យអ្នកគាំទ្រ ធ្វើសកម្មភាពខុសច្បាប់ជាច្រើនដែលរូបលោក និងបក្ខពួកបានបណ្ដុះនូវចិត្តគំនិតទុច្ចរិត ទម្លាក់កំហុសដោយអសុទ្ធចិត្តលើគណបក្សប្រជាជនកម្ពុជាធ្វើឱ្យខ្មែរនឹងខ្មែរស្អប់គ្នា និយាយលាបពណ៌បង្កើតការរើសអើងជាតិសាសន៍ជាដើម។
យ៉ាងណាមិញ គណបក្សនគរប្រជាធិបតេយ្យ ប្រកាសនឹងរួមសហការគ្នាដើម្បីទប់ស្កាត់ និងកំចាត់ចោលនូវនយោបាយជ្រុល និយមចេញឲ្យផុតពីព្រះរាជាណាចក្រកម្ពុជា និងសុំធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះក្រុមប្រឆាំងជ្រុល និយមមួយក្តាប់តូចដេកចាំស៊ីប្រាក់ខែបរទេស យកលុយបរទេស ដែលនឹងកំពុងធ្វើសកម្មភាពនយោបាយទុច្ចរិត ញុះញង់លាបពណ៌ឲ្យខ្មែរ បែកបាក់សាមគ្គីផ្ទៃក្នុងជាតិ ឆ្លៀតបម្រើនយោបាយឲ្យបរទេស ក្នុងគោលដៅដណ្តើមអំណាច តាមរូបភាពដោយខុសច្បាប់ ដែលត្រូវយកផ្តន្ទាទោសដោយគ្មានការលើកលែង។
ដោយឡែក គណបក្សខ្មែរតែមួយ យល់ឃើញថា ការធ្វើសកម្មភាពនយោបាយរបស់លោក សុន ឆ័យ តែងតែនិយាយញុះញង់ឲ្យអ្នកគាំទ្រធ្វើសកម្មភាពខុសច្បាប់ ដោយបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះលោក សុន ឆ័យ និងគាំទ្រចំពោះសាលដីការបស់តុលាការកំពូល ដែលជាសេចក្តីសម្រេចចុងក្រោយ បិទផ្លូវតវ៉ា និងផ្តល់យុត្តិធម៌ជូនដល់គណបក្សប្រជាជនកម្ពុជា ក្នុងនាមជាដើមបណ្តឹងរដ្ឋប្បវេណី។
លើសពីនេះ គណបក្សខ្មែរតែមួយ បានអំពាវនាវឱ្យស្ថាប័នអនុវត្តច្បាប់ ចាត់វិធានការតាមនីតិវិធីច្បាប់ ដោយគ្មានការលើកលែងឡើយ ចំពោះអ្នកនយោបាយ បុគ្គល ឬក្រុមណាមួយ ដែលមានចិត្តគំនិតបំបែកបំបាក់ផ្ទៃក្នុងជាតិ និងធ្វើឲ្យប្រទេសជាតិកម្ពុជា អស្ថិរភាព អសន្តិសុខ និងអនាធិបតេយ្យ ដើម្បីជាការធានាបាននូវសុខ សន្តិភាពជូនជាតិ និង ប្រជាពលរដ្ឋ។
សូមជម្រាបថា បណ្តឹងរបស់តំណាងគណបក្សប្រជាជនកម្ពុជា ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រតិកម្ម និងបង្ហោះខ្លឹមសារថា គ្មានការយោគយល់ចំពោះការវាយប្រហារមានចរិកលក្ខណៈបែបនេះឡើយ ដោយត្រូវទាមទាររកយុត្តិធម៌តាមផ្លូវច្បាប់៕ អត្ថបទ សេក ឧត្តម









