គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ចនៃរដ្ឋសភា (គណៈកម្មការទី១) ដឹកនាំដោយ ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការ និងឯកឧត្តម ចាន់ យឿន តំណាងរាស្ត្រមណ្ឌលខេត្តមណ្ឌលគីរី បានអញ្ជើញចុះជួបសំណេះសំណាលជាមួយឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត មណ្ឌលគិរី និងឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ព្រមទាំងមន្ទីរជំនាញពាក់ព័ន្ធវិស័យទទួលបន្ទុករបស់គណៈកម្មការ ដើម្បីស្វែងយល់ពីវឌ្ឍនភាពការងារ និងយន្តការដោះស្រាយទំនាស់ដីធ្លីរបស់ខេត្តមណ្ឌលគីរី នាថ្ងៃទី៥ ខែកុម្ភៈ២០២៤នេះនៅសាលាខេត្តមណ្ឌលគិរី។
ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានជម្រាបជូនប្រតិភូសភាថា ខេត្តមណ្ឌលគិរីបច្ចុប្បន្ន កំពុងមានការអភិវឌ្ឍជាជំហានៗ និងឆ្ពោះទៅកាន់ការអភិវឌ្ឍដ៏ឆាប់រហ័សក្នុងវិស័យទេសចរណ៍នៅឆ្នាំ ២០៣៥ (យោងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្ត)។
ឯកឧត្តមបន្ថែមថា រាជរដ្ឋាភិបាល បានតម្រង់ទិសការអភិវឌ្ឍក្នុងក្របខណ្ឌយុទ្ធសាស្រ្តរបស់ខេត្តមណ្ឌលគិរី ដោយឈរលើស្ថានភាពជាក់ស្តែង និងប្រភពធនធានសក្តានុពលសម្រាប់ការវិនិយោគ និងអភិវឌ្ឍន៍វិស័យទេសចរណ៍ និងអន្តរវិស័យគាំទ្រក្នុងក្តីសង្ឃឹមប្រកបដោយសុទិដ្ឋិនិយមថា ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវនៃវិស័យនេះ និងបង្កើតជាប្រយោជន៍សេដ្ឋកិច្ចសង្គមសម្រាប់ប្រជាពលរដ្ឋមូលដ្ឋាន និងរួមចំណែកដល់ការថែរក្សាការពារ និងអភិរក្សធនធានធម្មជាតិ បេតិកភ័ណ្ឌវប្បធម៌ និងរក្សាបាននូវអត្តសញ្ញាណដើមរបស់ខេត្ត។
ឯកឧត្តមបញ្ជាក់ថាផែនការយុទ្ធសាស្ត្រជាតិ គឺជាផែនការស្នូលដែលរាជរដ្ឋាភិបាលកម្ពុជាបានរៀបចំឡើងនៅក្នុងក្របខ័ណ្ឌគោល នយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច យ៉ាងសំខាន់ស្របទៅតាមយុទ្ធសាស្ត្រ បញ្ចកោណដែលមានចែងក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី។
ជាការឆ្លើយតប ឯកឧត្តម សរ ចំរុង ប្រធានគណៈប្រតិភូ បានកោតសរសើរចំពោះរដ្ឋបាលខេត្ត ដែលជានិច្ចកាលបានយកចិត្តទុកដាក់ក្នុងការបម្រើសេវា និងខិតខំដោះ ស្រាយរាល់ការលំបាកជូនប្រជាពលរដ្ឋ ដោយឈរលើគោលការណ៍ច្បាប់ និងភាពសុខដុមរមនា។ ឯកឧត្តមបន្តថាគណៈកម្មការក៏បានកត់សម្គាល់លើបញ្ហាប្រឈមទាំងអស់របស់ខេត្ត និងទទួលយកសំណើដែលខេត្តបានលើកឡើងយកទៅជម្រាបជូនសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីជួយធ្វើអន្តរាគមន៍ដោះស្រាយតាមនីតិវិធីរបស់រដ្ឋសភា៕ អត្ថបទ៖ ភារម្យ