កំពង់ឆ្នាំង៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកស៊ីម៉ាក់ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានថ្លែងអោយដឹងថា ក្នុងឆ្នាំ២០២៤នេះ អង្គភាពស៊ីម៉ាក់មានមហិច្ឆតាបោសសំអាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះចាប់ពី២៨០ទៅ៣០០គីឡូម៉ែត្រក្រឡា ។ គោលបំណងមួយនេះ គឺមានការគាំទ្រពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាយ៉ាងពេញទំហឹងផងដែរ។ ការបោសសំអាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះនេះ ដើម្បីយកដីអោយប្រជាពលរដ្ឋអភិវឌ្ឍន៍លើវិស័យកសិកម្ម ឧស្សាហកម្ម និងវិស័យសំណង់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមថ្លែងបែបនេះនៅក្នុងពិធីបើកវគ្គរំលឹកជំនាញស្រាវជ្រាវគ្រាប់ទម្លាក់ និងគ្រាប់បែកចង្កោម ដល់គ្រូបង្គោលគរុកោសល្យ ។
ឯកឧត្តម ហេង រតនា បានបន្តថា៖ ទូរលេខក្នុងឆ្នាំ២០២៣ អង្គភាពស៊ីម៉ាក់ បានបោសសំអាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះលើសផ្ទៃដីគ្រោងទុកចំនួន១៣,៦% បោសសំអាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះបាន៨៣០០០គ្រាប់ ។ អង្គភាពស៊ីម៉ាក់ក៏បានធ្វើការអប់រំអំពីគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះដល់ប្រជាពលរដ្ឋអោយយល់ដឹងប្រមាណ១លាន៦សែននាក់ ដោយមិនរាប់បញ្ចូលការងារទំណាក់ទំនងអន្តរជាតិ និងការងារហ្វឹកហ្វឺនធនធានមនុស្សនោះទេ។ ភារកិច្ចនេះ គឺជាភារកិច្ចរួមសាមគ្គីគ្នាដែលយើងគ្រប់គ្នាត្រូវតែចូលរួម ។ ប៉ុន្តែនៅក្នុងឆ្នាំ២០២៤នេះ អង្គភាពស៊ីម៉ាក់បានប្តេជ្ញាបង្កើនមហិច្ឆតាការងាររបស់ខ្លួនក្នុងការបោសសំអាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រហូតដល់ទៅ៣០០គីឡូម៉ែត្រក្រឡា ដែលក្នុងនោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានខិតខំណាស់ក្នុងគៀរគររកជំនួយដើម្បីជំរុញការងារនេះអោយបានទទួលជោគជ័យ និងបានដីដែលមានសុវត្ថិភាពសំរាប់បងប្អូនប្រជាពលរដ្ឋ រួមនិងពាណិជ្ជករ អាស្រ័យផល កសាង អភិវឌ្ឍន៍ប្រកបដោយសុវត្ថិភាព ។
សូមរំលឹកថា៖ នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ គឺជាពិធីហ្វឹកហ្វឺនគ្រូបង្គោលចំនួន២០រូប ដែលអង្គភាពស៊ីម៉ាក់បានជ្រើសរើសពីគ្រូបង្គោលហ្វឹកហ្វឺនឆ្នាំ២០២៣ដោយប្រើពេលជិត១ឆ្នាំពេញ ។ គ្រូបង្គោលទាំង២០រូបនេះ នឹងហ្វឹកហ្វឺនដល់រយៈពេល៧០ថ្ងៃទៀត ។ ការកសាងធនធានមនុស្សនៅក្នុងអង្គភាពស៊ីម៉ាក់ គឺមានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍចំណេះដឹង ហើយក្នុងនោះក៏មានកិច្ចសហប្រតិបត្តការរវាងដៃគូបរទេសផងដែរ៕ ដោយ ៖ កាំង ហុងវាស្នា









