អាមេរិក៖ ឆ្មាំសមុទ្រសហរដ្ឋអាមេរិកបាននិរទេសប្រជាជនគុយបា ១៨នាក់ដែលបានរកឃើញនៅសមុទ្រនៅសប្តាហ៍នេះ ក្នុងបំណងធ្វើអន្តោប្រវេសន៍ដោយខុសច្បាប់ចូលទៅកាន់សហរដ្ឋអាមេរិក។

បុរសទាំង ១៨នាក់បានរកឃើញនៅលើទូកដាច់ដោយឡែកពីគ្នាចំនួន ៣គ្រឿង ខណៈពួកគេធ្វើដំណើរឆ្លងកាត់ច្រកសមុទ្ររដ្ឋ Florida ក្នុងគោលបំណងទៅដល់ឆ្នេរសមុទ្រសហរដ្ឋអាមេរិក។ ឆ្មាំសមុទ្រសហរដ្ឋអាមេរិកបាននាំយកបុរសទាំងអស់នេះ ត្រឡប់មកចូលចតនៅឆ្នេរ Orozco Bayមានចម្ងាយ ៣២ម៉ាយភាគខាងលិចទីក្រុងឡាហាវ៉ាន់ ជាកន្លែងដែលអាជ្ញាធរប្រទេសគុយបាមកពីក្រសួងមហាផ្ទៃ ក្រុមល្បាតព្រំដែនក្នុងតំបន់ និងក្រុមគ្រូពេទ្យថែទាំសុខភាពទទួលពួកគេ។ សម្រាប់ហេតុផលសន្តិសុខ អ្នកមុជទឹកឆ្មាំព្រំដែនប្រទេសគុយបាបានពិនិត្យដែនទឹកជុំវិញ និងការចូលចតនៅពេលណាក៏ដោយ ដែលទូកឆ្មាំសមុទ្រសហរដ្ឋអាមេរិកមកដល់។
ជនជាតិគុយបាដែលត្រូវបានបញ្ជូនត្រឡប់មកវិញ ពាក់សម្លៀកបំពាក់ការពារប្រើប្រាស់រួចបោះចោល និងពាក់ម៉ាស់មុខដែលផ្តល់ដោយឆ្មាំសមុទ្រសហរដ្ឋអាមេរិក។ បុគ្គលិកសុខាភិបាលគុយបាបានបាញ់ថ្នាំសម្លាប់មេរោគលើបុរសទាំង ១៨នាក់ និងវាស់កំដៅ តាមវិធានការការពារវីរុស Covid-19 មុនពេលពួកគេឡើងជិះលើរថយន្តក្រុង។ បុរសទាំងនេះនឹងត្រូវចំណាយពេល ១៥ថ្ងៃនៅក្នុងអគារចត្តាឡីស័ករបស់រដ្ឋ មុនពេលឲ្យត្រឡប់ទៅលំនៅដ្ឋាន។ ប្រទេសគុយបាមិនបានកាត់ទោស ឬចាប់ខ្លួនអ្នកវិលត្រឡប់មកវិញនេះទេ លុះត្រាតែពួកគេពាក់ព័ន្ធក្នុងការជួញដូរមនុស្ស អំពើហិង្សា ឬលួចទូក៕
អត្ថបទ៖ ប៊ុនថន