ចំពេលមានការអំពាវនាវឲ្យយោធាអឺរ៉ុបរួមមួយ ឈរទប់ទល់នឹងរុស្ស៊ីដែលឈ្លានពាននិងការគំរាមកំហែងដ៏មានសក្តានុពលផ្សេងទៀត សមាជិកសហភាពអឺរ៉ុបស្លូវេនី អេស្ប៉ាញ ដាណឺម៉ាក និងប៉ូឡូញ និយាយថា គំនិតនេះ មិនប្រាកដនិយម និងមិនចាំបាច់។
រដ្ឋមន្ត្រីការបរទេសអ៊ីតាលី លោក អង់តូនីញ៉ូ តាចានី (Antonio Tajani) នៃប្រទេសអ៊ីតាលី ដែលជាសមាជិកស្ថាបនិកនៃប្លុកពាណិជ្ជកម្ម និងអង្គការណាតូ បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែតអ៊ីតាលី La Stampa កាលពីខែមុនថា៖«សហភាពអឺរ៉ុប គួរតែមានកងទ័ពរបស់ខ្លួន»។ មន្ត្រីរូបនេះ បានស្នើថា កម្លាំងប្រយុទ្ធ អាចចូលរួមក្នុងបេសកកម្មរក្សាសន្តិភាព និងការពារជម្លោះ។
ទោះបីជាយ៉ាងណាក៏ដោយ សូម្បីតែសង្រ្គាមដែលកំពុងផ្ទុះឡើងនៅក្នុងទ្វីបអឺរ៉ុប និងការជំរុញឲ្យមានកិច្ចសហប្រតិបត្តិការការពារជាតិកាន់តែខ្លាំងនៅទូទាំងទ្វីបក៏ដោយ សំណើនេះ មិនទទួលបានផលច្រើនទេ។ សម្រាប់ការចាប់ផ្តើម មានការឯកភាពគ្នាតិចតួចក្នុងចំណោមប្រទេសទាំង ២៧ នៃសហភាពអឺរ៉ុបអំពីតម្រូវការសម្រាប់កម្លាំងបែបនេះ។
ក្រសួងការពារជាតិអេស្ប៉ាញ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ការបង្កើតប្រព័ន្ធការពាររួមនេះ ដែលជាក្របខ័ណ្ឌចាំបាច់សម្រាប់ការអភិវឌ្ឍនៃ«កងទ័ពអឺរ៉ុប» នឹងតម្រូវឲ្យមានការសម្រេចចិត្តជាឯកច្ឆន្ទរបស់ក្រុមប្រឹក្សានេះ»។ «ប្រសិនបើការសម្រេច បាននូវតម្រូវការនេះ ស្ទើរតែមិនអាចទៅរួចទេក្នុងឆ្នាំ១៩៩២នៅពេលដែលសហភាពអឺរ៉ុប ត្រូវបានបង្កើតឡើងដោយរដ្ឋសមាជិកចំនួន១២ ការសម្រេចចិត្តរបស់សហភាពអឺរ៉ុបដែលមាន ២៧ប្រទេស ឬច្រើនជាងនេះ នាពេលអនាគត នឹងពិបាកទទួលយកណាស់ ក្នុងបរិបទនេះ គំនិតនេះ គឺមិនប្រាកដនិយម ឬ មិនអាចគ្រប់គ្រាន់ទេ ក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ»។


