ភ្លៀងធ្លាក់ដ៏ត្រជាក់ ព្រិល និងទឹកកក បានធ្វើឱ្យមានភាពស្មុគស្មាញដល់ការធ្វើដំណើរសម្រាប់មនុស្សរាប់លាននាក់នៅភាគកណ្តាល និងភាគខាងកើតប្រទេសចិន ខណៈមនុស្សរាប់ពាន់លាននាក់ សម្រុកធ្វើដំណើរមុនពិធីបុណ្យនិទាឃរដូវសម្រាប់បុណ្យចូលឆ្នាំចិន។

ខេត្ត ហ៊ូប៉ី (Hubei) ភាគកណ្តាលបានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរបំផុត ដោយផ្លូវហាយវេជាច្រើនបានកកស្ទះបង្កភាំពយឺតយ៉ាវ ហើយរថភ្លើងបានពន្យារពេល ឬលុបចោល ដែលធ្វើឱ្យអ្នកដំណើរជាប់គាំង។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា រថភ្លើងរាប់រយគ្រឿងត្រូវបានពន្យារពេល ឬផ្អាក ហើយអ្នកដំណើរជាច្រើនបានជាប់គាំងនៅស្ថានីយ៍រថភ្លើងក្នុងទីក្រុង វ៊ូហាន (Wuhan)។

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលក្នុងតំបន់បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ២ នាក់បានស្លាប់នៅក្នុងឧបទ្ទវហេតុទាក់ទងនឹងព្រិល ដែលក្នុងនោះអ្នកស្លាប់ម្នាក់មកពីខេត្ត ហ៊ូប៉ី និងម្នាក់មកពីខេត្ត ហ៊ូណាន (Hunan) ភាគខាងត្បូង ដោយសារពិដាននៅក្នុងទីផ្សារកសិករបានធ្លាក់ចុះដោយសារតែព្រិលធ្លាក់ខ្លាំងពេក។
យោងតាមការផ្សាយព័ត៌មានបន្ទាន់ជាតិរបស់ប្រទេសចិន បានឲ្យដឹងថា អាកាសធាតុធ្ងន់ធ្ងរបែបនេះត្រូវបានគេរំពឹងថាបន្តរយៈពេលពីរបីថ្ងៃទៀត ជាមួយនឹងការព្យាករណ៍ព្រិលធ្លាក់ទ្រង់ទ្រាយធំ និងភ្លៀងខ្លាំង៕
