ភ្នំពេញ ៖ លោកជំទាវនាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ បានរំលឹកដល់យោធិនទាំង អស់ត្រូវគោរពឱ្យបានម៉ឺងម៉ាត់នូវច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ អនុក្រឹត្យ ស្តីពីបទវិន័យទូទៅសម្រាប់កងទ័ព, ត្រូវគោរពវិន័យឱ្យបានម៉ឺងម៉ាត់ ភក្ដីភាព សាមគ្គីភាព និងភាពក្លាហានហ៊ានក្នុងបុព្វហេតុការពារជាតិមាតុភូមិគ្រប់កាលៈទេសៈទាំងអស់។
ក្នុងឱកាសអញ្ជើញជា ជាអធិបតីភាពក្នុងពីធីបើកសិក្ខាសាលាបូកសរុបកិច្ចការនីតិកម្មទូទាំងកងយោធពលខេមរភូមិន្ទឆ្នាំ២០២៣ និងទិសដៅអនុវត្តឆ្នាំ២០២៤ នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួងការពារជាតិ ដោយមានអ្នកចូលរួមសរុបចំនួន ៥០០នាក់ មកពីបណ្តាអង្គភាពចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងបណ្តាប្រភេទទ័ព លោកជំទាវនាយឧត្តមសេនីយ៍ ដាំ ដារីនី បាន លើកឡើងថា បេសកកម្មរបស់កងយោធពលខេមរភូមិន្ទ គឺការពារកសាងជាតិមាតុភូមិ ដើម្បីផលប្រយោជន៍ធំបំផុតរបស់ប្រទេសជាតិ។ មួយវិញទៀតក្នុងកាលៈទេសៈចាំបាច់កងយោធពលខេមរភូមិន្ទក៏នឹងអាចចូលរួមក្នុងការការពារសន្តិសុខសាធារណៈ និងជួយប្រជាពលរដ្ឋ ដែលជួបការលំបាកដូចជាករណីគ្រោះមហន្តរាយជាដើម។
លោកជំទាវរដ្ឋលេខាធិការ បានបន្ថែមទៀតថា« ដើម្បីអនុវត្តច្បាប់ស្តីពីលក្ខន្តិកៈចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ និងអនុក្រឹត្យស្តីពីបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទឱ្យមានប្រសិទ្ធភាពខ្ពស់នោះយោធិនកងយោធពលខេមរភូមិន្ទត្រូវគោរពវិន័យឱ្យបានម៉ឺងម៉ាត់ មានភក្ដីភាព សាមគ្គីភាពផ្ទៃក្នុង និងត្រូវវមានភាពក្លាហាន ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងនៅគ្រប់កាលៈទេសៈដើម្បីបុព្វហេតុជាតិមាតុភូមិ»។
ថ្លែងក្នុងពិធីបើកអង្គសិក្ខាសាលានោះដែរ លោកជំទាវ នាយឧត្តមសេនីយ៍ ក៏បានកោតសរសើរចំពោះក្រុមការងារនីតិកម្មក្រសួងការពារជាតិ ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារយ៉ាងយកចិត្តទុកដាក់នាពេលកន្លងមកផង។ ជាមួយគ្នានោះលោកជំទាវក៏បានលើកឡើងអំពីគោលនយោបាយរបស់រាជរដ្ឋាភិ បាលអាណត្តិទី៧នេះប្រាប់ដល់យោធិនទាំងអស់ដែលបានចូលរួមផងដែរ ដោយលោកជំទាវបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ជាកម្មវិធីនយោបាយមានគោលដៅ ច្បាស់លាស់ប្រកបដោយទស្សនវិស័យវែងឆ្ងាយ និងប្រាកដនិយម ហើយមានគោលបំណងចម្បង ដើម្បីអោយប្រទេសកម្ពុជាក្លាយជាប្រទេសដែលមានចំណូលខ្ពស់ឆ្នាំ២០៥០។ក្នុងនោះដែរកងយោធពល ខេមរភូមិន្ទជាកងទ័ពរបស់ជាតិមានភារកិច្ចបម្រើប្រទេសជាតិមាតុភូមិ៕ អត្ថបទ ៖ បាន ចក់