រដ្ឋមន្ត្រីការបរទេសលីបង់ លោក អាបដាលឡា ប៊ូ ហាប៊ីប (Abdallah Bou Habib) កាលពីថ្ងៃចន្ទ (០៥ កុម្ភៈ) បានជំរុញឱ្យមានការគាំទ្រពីអន្តរជាតិ សម្រាប់ប្រជាជនដែលត្រូវបានផ្លាស់ទីលំនៅ និងភៀសខ្លួន ដោយសារភាពតានតឹងនៅតាមព្រំដែនបច្ចុប្បន្នជាមួយអ៊ីស្រាអែល។

លោក ប៊ូ ហាប៊ីប បានធ្វើការអំពាវនាវនេះ អំឡុងពេលជួបជាមួយ លោកស្រី ខេត ហ្វ័របេស (Kate Forbes) ប្រធានសហព័ន្ធអន្តរជាតិនៃកាកបាទក្រហម និងសង្គមអឌ្ឍចន្ទក្រហម។
រដ្ឋមន្ត្រីរូបនេះបាននិយាយថា មនុស្សប្រហែល ១០០.០០០ នាក់ត្រូវបានភៀសខ្លួន ហើយកំពុង «ត្រូវការការថែទាំ និងជំនួយយ៉ាងខ្លាំង» ដោយបន្ថែមថា ការគាំទ្រ និងជំនួយទាំងអស់ដែលផ្តល់ដោយកាកបាទក្រហមអន្តរជាតិត្រូវបានស្វាគមន៍ជានិច្ច។

ព្រំដែនលីបង់-អ៊ីស្រាអែល បាននិងកំពុងមើលឃើញភាពតានតឹងកាន់តែខ្លាំងឡើង ចាប់តាំងពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីក្រុមប្រដាប់អាវុធលីបង់ ហេសបូឡា (Hezbollah) បានបាញ់រ៉ូកែតរាប់សិបគ្រាប់ឆ្ពោះទៅអ៊ីស្រាអែល ដើម្បីគាំទ្រការវាយប្រហាររបស់ពួកហាម៉ាស លើអ៊ីស្រាអែល កាលពីថ្ងៃមុននោះ ដែលជំរុញឱ្យអ៊ីស្រាអែល ឆ្លើយតបដោយការបាញ់កាំភ្លើងធំទៅកាន់ភាគអាគ្នេយ៍លីបង់។
ការប្រឈមមុខដាក់គ្នារវាងក្រុម ហេសបូឡា និងអ៊ីស្រាអែល រហូតមកដល់ពេលនេះបានសម្លាប់មនុស្សចំនួន ២៥០ នាក់នៅខាងលីបង់ និងធ្វើឲ្យមនុស្សរាប់ម៉ឺននាក់រត់ភៀសខ្លួន៕
