មន្ត្រីរដ្ឋាភិបាលបាននិយាយកាលពីថ្ងៃចន្ទ (០៥ កុម្ភៈ) ថាមនុស្សប្រហែល ៤០ នាក់ ដែលភាគច្រើនជាជនស៊ីវិលត្រូវបានសម្លាប់នៅក្នុងអំពើហិង្សានៅក្នុងតំបន់ជម្លោះមួយនៅព្រំដែនប្រទេសស៊ូដង់ខាងត្បូងជាមួយប្រទេសស៊ូដង់ កាលពីចុងសប្តាហ៍។

ការប៉ះទង្គិចគ្នាជាញឹកញាប់បានកើតឡើងនៅក្នុងតំបន់ អាបយៃ (Abyei) រវាងក្រុមគូប្រជែងនៃក្រុមជនជាតិភាគតិច ឌីនកា (Dinka) ដោយសារតែជម្លោះលើទីតាំងនៃព្រំដែនរដ្ឋបាលមួយដែលប្រាក់ចំណូលពន្ធសំខាន់ៗត្រូវបានប្រមូលពីពាណិជ្ជកម្មឆ្លងព្រំដែន។
លោក ប៊ូលីស ខូច (Bulis Koch) រដ្ឋមន្ត្រីក្រសួងព័ត៌មានក្នុងតំបន់បាននិយាយថា «នៅក្នុងការវាយប្រហារដែលបានកើតឡើងនៅថ្ងៃទី០២ និងទី០៣ ខែកុម្ភៈ ផ្សារជាច្រើនកន្លែងត្រូវបានដុតបំផ្លាញ ទ្រព្យសម្បត្តិត្រូវបានប្លន់ ហើយជនស៊ីវិល ១៩ នាក់ត្រូវបានសម្លាប់ និងមនុស្ស ១៨ នាក់ទៀតត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដាច់ដោយឡែកពីគ្នាកាលពីថ្ងៃអាទិត្យ»។
អង្គការសប្បុរសធម៌ គ្រូពេទ្យគ្មានព្រំដែន (MSF) បាននិយាយថា បុគ្គលិករបស់ខ្លួនពីរនាក់ត្រូវបានសម្លាប់ ខណៈកងកម្លាំងរក្សាសន្តិភាពបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិសម្រាប់តំបន់ អាបយៃ (UNISFA) ក៏ត្រូវបានវាយប្រហារផងដែរនៅក្នុងការប្រយុទ្ធចុងក្រោយនៃអំពើហិង្សាក្នុងតំបន់នេះ៕
