
រដ្ឋមន្ត្រីការបរទេសបារាំងលោក ស្ទេហ្វែន សឺហ្ស៊ូន (Stephane Sejourne) បាននិយាយកាលពីថ្ងៃចន្ទថា អ៊ីស្រាអែល«អំពើហិង្សាអ្នកតាំងលំនៅ ត្រូវតែបញ្ឈប់»ប្រឆាំងនឹងប៉ាឡេស្ទីននៅតំបន់វេសបែង( West Bank) ដែលគ្រប់គ្រងដោយអ៊ីស្រាអែល បន្ទាប់ពីកិច្ចប្រជុំជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោកបេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu)។
លោកសឺហ្ស៊ូន បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចនៅមជ្ឈិមបូព៌ាក្នុងគោលបំណងធានាបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស នៅតំបន់ហ្កាហ្សាថា៖«នៅក្រោមកាលៈទេសៈណាក៏ដោយ មិនអាចមានការជម្លៀសប្រជាជនប៉ាឡេស្ទីនដោយបង្ខំ ទាំងចេញពីតំបន់ហ្កាហ្សា ឬចេញពីតំបន់ វេសបែង(West Bank) នោះទេ។
រដ្ឋមន្ត្រីបារាំងរូបនេះ បានរិះគន់វោហាស័ព្ទប្រឆាំងប៉ាឡេស្ទីន និង ការអំពាវនាវឲ្យប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម» ដោយមន្ត្រីអ៊ីស្រាអែល បន្ទាប់ពីសម្ព័ន្ធមិត្តមួយចំនួនរបស់លោកណេតាន់យ៉ាហ៊ូ បានបង្ហាញខ្លួនដើម្បីគាំទ្រការតាំងទីលំនៅថ្មីរបស់ជនជាតិជ្វីហ្វ នៅតំបន់ហ្កាហ្សាស្ទ្រីពបន្ទាប់ពីសង្គ្រាម។
លោកសឺហ្ស៊ូន បានអំពាវនាវឲ្យគាំទ្រប្រធានអាជ្ញាធរប៉ាឡេស្ទីនដែលមានមូលដ្ឋាននៅតំបន់វេសបែង លោក ម៉ាខ្មូត អាបាស (Mahmud Abbas) ។
លោកបានថ្លែងថា៖«អនាគតនៃតំបន់ហ្កាហ្សាស្ទ្រីប គឺមិនអាចបំបែកចេញពីអនាគតរបស់តំបន់វេសបែង បានទេ យើងត្រូវរៀបចំសម្រាប់អនាគតនេះ ដោយគាំទ្រដល់អាជ្ញាធរប៉ាឡេស្ទីន»។
លោកបានបន្ថែមថា៖ «វាត្រូវតែបន្តខ្លួនវាហើយដាក់ពង្រាយកម្លាំងឡើងវិញឲ្យបានឆាប់តាមដែលអាចធ្វើទៅបាននៅតំបន់ហ្កាហ្សាស្ទ្រីប» ដែលក្រុមហាម៉ាស បានដណ្តើមអំណាចក្នុងឆ្នាំ២០០៧។