
ក្រុមកសិករអ៊ឺរ៉ុប បានធ្វើការតវ៉ាអស់រយៈពេលជាច្រើនខែ ដោយបាតុកម្មបានរីករាលដាលនៅជុំវិញទ្វីបមួយនេះ ដែលឈានដល់ចំណុចខ្ពស់បំផុតកាលពីសប្តាហ៍មុននៅលើទីក្រុង ប្រ៊ុចសែល ហើយខណៈពេលដែលការតវ៉ានេះកំពុងបន្ថយល្បឿន ក្រុមអ្នកពាក់ព័ន្ធក្នុងបាតុកម្មបានព្រមានថានឹងមានសកម្មភាពបន្ថែមទៀតនាពេលខាងមុខ។
រហូតមកដល់បច្ចុប្បន្ននេះ ប្រទេសអូទ្រីស ដាណឺម៉ាក ហ្វាំងឡង់ និងស៊ុយអែត គឺជាប្រទេសសហភាពអឺរ៉ុបតែមួយគត់ដែលកសិករមិនបានចេញតវ៉ា ហើយខណៈពេលដែលការប្រមូលផ្តុំគ្នាជាបណ្តើរៗកំពុងបន្តនៅក្នុងប្រទេសមួយចំនួន បាតុករផ្សេងទៀតបានផ្អាកការតវ៉ាដើម្បីស្វែងរកវិធានការបន្ទាប់របស់ពួកគេ និងប្រមូលផ្តុំកម្លាំងមនុស្សបន្ថែមទៀត។
នៅប្រទេសបារាំង ប្រធានអង្គការកសិករបារាំងឈានមុខគេ FNSEA លោក អានួត រ៉ូស្ស៊ូ (Arnaud Rousseau) បានប្រាប់សារព័ត៌មានជាតិកាលពីថ្ងៃទី០៥ ខែកុម្ភៈ ថា «កំហឹងកសិកម្មកំពុងផ្លាស់ប្តូរ»។
នៅប្រទេសអាឡឺម៉ង់ ជាទីដែលការតវ៉ារបស់កសិករបានឈានដល់កម្រិតខ្ពស់បំផុតជាមួយនឹងកសិករប្រហែល ៣០.០០០ នាក់ និងត្រាក់ទ័រ ៥.០០០ គ្រឿងក្នុងទីក្រុងប៊ែរឡាំង កាលពីពាក់កណ្តាលខែមករា ជម្លោះរវាងរដ្ឋាភិបាល និងក្រុមអ្នកដាំដុះអាចអូសបន្លាយយូរជាងនេះ។
នៅប្រទេសព័រទុយហ្គាល់ ត្រាក់ទ័រជាច្រើនគ្រឿងកំពុងបន្តការបិទផ្លូវដែលបានចាប់ផ្តើមនៅថ្ងៃទី០២ ខែកុម្ភៈ នៅលើផ្លូវហាយវេតភ្ជាប់ជាមួយប្រទេសអេស្ប៉ាញ។ នៅប្រទេសអ៊ីតាលី អេស្បាញ ស្លូវ៉ាគី និងបណ្តាប្រទេសផ្សេងទៀតនៅអឺរ៉ុប បានឃើញការតវ៉ារបស់កសិករកើនឡើងខ្លាំង៕