
ភាពតានតឹង បានផ្ទុះឡើងនៅក្នុងរដ្ឋធានី ព័រ អូប្រាំង(Port-au-Prince) របស់ប្រទេសហៃទី កាលពីថ្ងៃចន្ទ ខណៈប្រជាជនបានតវ៉ាប្រឆាំងរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី លោក Ariel Henry ចំពោះការបរាជ័យមិនបានដោះស្រាយបញ្ហាឧក្រិដ្ឋកម្ម។
ក្រុមអ្នកតវ៉ា បានប្រាប់សារព័រមានរ៉យទ័រថា លោក Henry ពុំបានធ្វើអ្វីទាល់តែសោះ សម្រាប់ប្រជាជនហៃទី ដោយនិយាយថា រលកនៃអំពើហឹង្សាក្នុងប្រទេសនេះ បានធ្វើឱ្យជីវិតរស់នៅធម្មតាមិនអាចធ្វើទៅបានសម្រាប់ប្រជាជន។
ប្រទេសហៃទី កំពុងប្រឈមមុខទៅនឹងជម្លោះកាន់តែអាក្រក់រវាងសម្ព័ន្ធភាពនៃក្រុមជនអន្ធពាលប្រដាប់អាវុធ ដែលគ្រប់គ្រងភាគច្រើននៅក្នុងរដ្ឋធានី ហើយកំពុងពង្រីកដែនដីរបស់ពួកគេទៅដល់តំបន់ជនបទ ដោយនាំមកនូវអំពើហិង្សាផ្លូវភេទ ចោរកម្ម និងការសម្លាប់ដោយមិនរើសមុខ។
ទន្ទឹមនឹងនេះ ការចាប់ជំរិត បានកើនឡើងស្ទើរតែទ្វេដងចាប់តាំងពីឆ្នាំ ២០២២ មានរហូតដល់ជិត ២.៥០០ករណី ខណៈក្រុមជនអន្ធពាលបានកំណត់គោលដៅលើអ្នកដែលធ្វើដំណើរនៅលើផ្លូវដឹកជញ្ជូនដើម្បីទាមទាយកប្រាក់លោះដ៏ថ្លៃ ពីមិត្តភក្តិ និងសាច់ញាតិរបស់ពួកគេ។
យោងតាមអង្គការយូនីសេហ្វ បានឲ្យដឹងថា មនុស្សប្រហែល ៣១៤.០០០នាក់ បានភៀសខ្លួនចេញពីលំនៅឋាននៅខាងក្នុងប្រទេស ក្នុងពេលមានរលកអំពើហិង្សាជាបន្តបន្ទាប់។