
សហរដ្ឋអាមេរិក បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់ខ្លួនលើការសម្របសម្រួលសន្តិសុខត្រីភាគី ដ៏ជិតស្និទ្ធជាមួយកូរ៉េខាងត្បូង និងជប៉ុន កាលពីថ្ងៃចន្ទ ដោយបានរិះគន់ការបាញ់មីស៊ីលតម្រង់គោលដៅនាពេលថ្មីៗនេះរបស់កូរ៉េខាងជើងថាជា «អស្ថិរភាពយ៉ាងខ្លាំង» ។
ទីក្រុងព្យុងយ៉ាង បានធ្វើការបាញ់មីស៊ីលតម្រង់គោលដៅចំនួន៤គ្រាប់នៅឆ្នាំនេះ រួមទាំងការបាញ់សាកល្បងមីស៊ីលបាលិស្ទិកដែលបាញ់ចេញពីនាវាមុជទឹក ចំពេលមានសំណួរអំពីរបៀបទប់ទល់នឹងការបាញ់មីស៊ីតម្រង់ទិស ដែលមិនមែនជាកម្មវត្ថុនៃសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
អ្នកនាំពាក្យរងក្រសួងការបរទេសលោក វីដាន ប៉ាតែល (Vedant Patel) បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយថា៖«សកម្មភាពប្រភេទទាំងនេះរបស់កូរ៉េខាងជើង កំពុងធ្វើឲ្យអស្ថិរភាពយ៉ាងខ្លាំង ហើយវាមិនមានប្រយោជន៍ទេ ហើយពួកគេរួមចំណែកដល់ហានិភ័យកាន់តែខ្លាំងនៅក្នុងតំបន់»។
លោកបានបន្ថែមថា៖«យើងនឹងបន្តសម្របសម្រួលត្រីភាគីយ៉ាងជិតស្និទ្ធជាមួយកូរ៉េខាងត្បូង និងជប៉ុន នៅពេលនិយាយអំពីការជំរុញត្រឡប់មកវិញនូវសកម្មភាពអាក្រក់ និងអស្ថិរភាពទាំងនេះ»។
លោកប៉ាតែល ក៏បានឆ្លើយតបទៅនឹងសំណួរអំពីការបដិសេធរបស់រុស្ស៊ី ក្នុងការធ្វើពាណិជ្ជកម្មអាវុធជាមួយទីក្រុងព្យុងយ៉ាង ដោយប្តេជ្ញារក្សាការសម្របសម្រួលអន្តរជាតិយ៉ាងជិតស្និទ្ធប្រឆាំងនឹងការផ្ទេរអាវុធរវាងប្រទេសទាំងពីរ។