
កេរ្តិ៍ឈ្មោះរបស់ប្រទេសសេណេហ្គាល់ ក្នុងនាមជាបន្ទាយនៃលទ្ធិប្រជាធិបតេយ្យនៅក្នុងតំបន់ដែលមិនស្ថិតស្ថេរនោះ កំពុងស្ថិតនៅក្នុងហានិភ័យយ៉ាងធ្ងន់ធ្ងរ ខណៈក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល នៅខាងក្រៅរដ្ឋសភា។ ហើយនៅខាងក្នុងឯណោះវិញ សមាជិកសភាបានអនុម័តលើសេចក្ដីស្នើច្បាប់ដ៏ចម្រូងចម្រាសមួយ ដើម្បីបន្តអាណត្តិរបស់លោក Macky Sall និងពន្យារពេលការបោះឆ្នោត បន្ទាប់ពីប្រធានាធិបតីរូបនេះ បានលុបចោលការបោះឆ្នោតដែលបានគ្រោងទុក និងដែលនៅសល់តែ ៣សប្តាហ៍ទៀតប៉ុណ្ណោះ។
លោក Khalifa Sall ដែលជាគូប្រជែងដ៏លេចធ្លោជាងគេ និងជាអតីតអភិបាលក្រុងដាកា ដែលមិនពាក់ព័ន្ធនឹងប្រធានាធិបតី បានហៅការពន្យារពេលនេះថា ជា «រដ្ឋប្រហាររដ្ឋធម្មនុញ្ញ» ហើយបានជំរុញឲ្យប្រជាជនតវ៉ាប្រឆាំងនឹងការសម្រេចនេះ។ សម្ព័ន្ធនយោបាយរបស់លោកបានប្ដេជ្ញាប្ដឹងទៅតុលាការ។ ចំណែកបេក្ខជនម្នាក់ផ្សេងទៀត គឺលោក Thierno Alassane Sall ដែលមិនមានជាប់ទាក់ទងគ្នាផងដែរនោះ បានហៅទង្វើនេះថា «ក្បត់ជាតិយ៉ាងធ្ងន់ធ្ងរ» ហើយបានជំរុញឲ្យអ្នកគាំទ្ររបស់លោកប្រមូលផ្តុំនៅមុខរដ្ឋសភា ដើម្បីតវ៉ា និង «រំលឹកសមាជិកសភាឲ្យឈរនៅខាងភាពត្រឹមត្រូវនៃប្រវត្តិសាស្ត្រ»។
សំណើនេះត្រូវការការគាំទ្រពីសំឡេង ៣ភាគ៥ (ពោលគឺ ៩៩សំឡេង) នៃសមាជិកសភាទាំងអស់ ១៦៥រូប ដើម្បីទទួលបានការអនុម័ត។ សម្ព័ន្ធរបស់ប្រធានាធិបតីលោក Sall សម្រាប់គណបក្សសាធារណរដ្ឋ គឺជាផ្នែកមួយនៃរដ្ឋាភិបាលចម្រុះរបស់គណបក្ស Benno Bokk Yakaar (BBY) ដែលកាន់អំណាច មានសំឡេងភាគច្រើនស្ដួចស្ដើងនៅក្នុងសភា ។
បរិយាកាសកាន់តែមានភាពយ៉ាងក្តៅគគុកនៅក្នុងសភា ហើយមានសេចក្ដីរាយការណ៍ថា សមាជិកសភាបក្សប្រឆាំងមួយចំនួន ត្រូវបានដោយកងកម្លាំងសន្តិសុខនាំខ្លួនចេញ បន្ទាប់ពីពួកគេបានព្យាយាមរារាំងដំណើរការនីតិវិធី។ ហើយចុងក្រោយ សមាជិកសភាចំនួន ១០៥នាក់ បានបោះឆ្នោតគាំទ្រសំណើនេះ។ ដំបូងឡើយ កាស្នើគឺឲ្យមានការពន្យាររយៈពេល ៦ខែប៉ុណ្ណោះ ប៉ុន្តែវិសោធនកម្មនាទីចុងក្រោយបានបន្លាយរយៈពេលដល់ទៅ ១០ខែ ឬដល់ ថ្ងៃទី១៥ ខែធ្នូ។
សេណេហ្គាល់ត្រូវបានគេមើលឃើញថា ជាប្រទេសប្រជាធិបតេយ្យដ៏មានស្ថិរភាពបំផុតមួយ នៅអាហ្វ្រិកខាងលិច ពោលគឺប្រទេសតែមួយគត់នៅអាហ្វ្រិកខាងលិចដីគោកដែលមិនធ្លាប់មានរដ្ឋប្រហារយោធា។ ប្រទេសនេះ មានការប្រគល់អំណាចធំៗដោយសន្តិវិធីចំនួន ៣លើក ហើយមិនធ្លាប់ពន្យារពេលការបោះឆ្នោតប្រធានាធិបតីឡើយ៕