ពោធិ៍សាត់ ៖ ផ្លូវក្រាលដីល្បាយក្រួសស្តារឡើងវិញ ចំនួន១ខ្សែ មានពីរកំណត់ ប្រវែងជាង ៧ គីឡូម៉ែត្រ នៅស្រុកកណ្តៀង ស្ថិតនៅក្នុងក្របខណ្ឌ ក្រសួងអភិវឌ្ឍន៍ជនបទ បានអនុវត្តន៍ស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ដោយផ្លូវនេះបានផ្តល់អត្ថប្រយោជន៍ជាច្រើន ជាពិសេស ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម (គ.ល) នៅថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ ២០២៤ នេះ បានដឹកនាំប្រតិភូចុះពិនិត្យ វាយតម្លៃ លើលទ្ធផលការងារស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួសចំនួន ១ ខ្សែ មានពីរកំណាត់ ប្រវែងសរុប ៧ ២០០ ម៉ែត្រ, ទទឹង ៦ ម៉ែត្រ, កម្រាស់ ០,២ ម៉ែត្រ, ក្នុងនោះកំណាត់ទី ១ ប្រវែង ៤ ៩០០ ម៉ែត្រ និង កំណាត់ទី២ ប្រវែង ២ ៣០០ ម៉ែត្រ, សាងសង់លូប្រអប់មុខមួយចំនួន ១ កន្លែង, លូមូលមុខពីរចំនួន ១ កន្លែង, និងលូមូលមុខមួយ ចំនួន ៣ កន្លែង, ស្ថិតនៅភូមិស្ទឹង, ភូមិកំពង់រកា, និងភូមិដំរីស ឃុំកណ្តៀង និងឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
ជុំវិញគម្រោងផ្លូវខាងលើនេះ, ឯកឧត្តម បានឯកភាព និងវាយតម្លៃខ្ពស់ ចំពោះការយកចិត្តទុកដាក់ស្តារផ្លូវនេះឡើងវិញបាន ល្អប្រសើរ ដោយបានអនុវត្តទៅតាមផែនការ ស្របតាមបទដ្ឋានបច្ចេកទេសបានត្រឹមត្រូវ, ព្រោះផ្លូវមានសារៈសំខាន់ណាស់ និងជា សរសៃរឈាមនៃសេដ្ឋកិច្ច មិនថានៅជនបទ ទីប្រជុំជន ឬនៅទីក្រុងឡើយ ជាពិសេសសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅ មូលដ្ឋាន ការដឹកជញ្ជូនកសិផលរបស់កសិករនៅតំបន់នោះ និងការធ្វើដំណើររបស់សិស្សានុសិស្សទៅរៀនសូត្រជាដើម។
ទាក់ទិនគម្រោងផ្លូវខាងលើនេះដែរ, ឯកឧត្តម ផូ ផារិទ្ធ បានសំណូមពរដល់អ្នកទទួលការ ធ្វើការត្រួតពិនិត្យ លើការងារស្តារ ឡើងវិញផ្លូវ និងសាងសង់លូខាងលើឲ្យបានល្អ ដើម្បីឲ្យមានគុណភាពសោភ័ណភាព និងសុវត្ថិភាព ក្នុងរយៈពេល ៦ ខែ បន្តទៀតទៅតាមកិច្ចសន្យា និងត្រូវចេះសហការណែនាំបំផុសប្រជាជន អាជ្ញាធរមូលដ្ឋានឱ្យចូលរួមថែទាំផ្លូវ និងលូ ដោយមានការយាមកាមយ៉ាងហ្មត់ចត់ ជាពិសេសកុំឲ្យមានរថយន្តដឹកទំនិញលើសចំណុះធ្វើចរាចរលើផ្លូវ និងលូនេះ ដើម្បីរក្សាបាននូវគុណភាព គង់វង្ស យូរអង្វែង និងចាត់ទុកជារបស់ពួកគាត់គ្រប់ៗគ្នា៕ អត្ថបទ៖ សុន រ៉ាឌី







