
មន្ត្រីម្នាក់ នៅថ្ងៃអង្គា (ទី៦ ខែកុម្ភៈ) បាននិយាយថា អគ្គព្រះរាជអាជ្ញារបស់ប្រទេសថៃ កំពុងពិចារណាចោទប្រកាន់ទណ្ឌិតលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) ដែលជាអតីតនាយករដ្ឋមន្ត្រីថៃ ពីបទប្រមាថរបបរាជានិយមដ៏មានឥទ្ធិពល ដោយការលើកឡើងនេះកើតមានឡើងក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះដែលរូបលោកត្រូវបានដោះលែងឲ្យនៅក្រៅឃុំ។
ពាក្យបណ្តឹងនេះទាក់ទងនឹងបទសម្ភាសន៍ កាលពីឆ្នាំ២០១៥ ដែលលោកបានធ្វើ អំឡុងពេលនៅប្រទេសកូរ៉េខាងត្បូង ហើយត្រូវបានប្តឹងដោយរបបយោធាដែលគ្រប់គ្រងប្រទេសថៃ បន្ទាប់ពីរបបនោះបានផ្តួលរំលំរដ្ឋាភិបាលដែលដឹកនាំដោយប្អូនស្រីរបស់លោក ថាក់ស៊ីន។ លោក ថាក់ស៊ីន បានប្ដេជ្ញាម្តងហើយម្តងទៀតពីការមានភក្តីភាព ចំពោះរបបរាជានិយម។
ការប្រមាថព្រះមហាក្សក្រ គឺជាបទល្មើសដ៏ធ្ងន់ធ្ងរ និងជាការប្រមាថដ៏ធំមួយ នៅក្នុងប្រទេសថៃ ដែលរដ្ឋធម្មនុញ្ញចែងថា ព្រះមហាក្សត្រត្រូវបានលើកតម្កើងយ៉ាងខ្ពស់ខ្ពស់ ដែលមិនអាចត្រូវបានប្រមាថជាដាច់ខាត។ ច្បាប់ប្រមាថព្រះមហាក្សត្ររបស់ប្រទេសនេះ ស្ថិតក្នុងចំណោមច្បាប់តឹងរ៉ឹងបំផុតរបស់ពិភពលោក ដោយបទល្មើសជាក់ស្ដែងត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ១៥ឆ្នាំ។
បន្ទាប់ពីការនិរទេសខ្លួនឯងរយៈពេល ១៥ឆ្នាំ លោក ថាក់ស៊ីន ដែលជានាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលពីឆ្នាំ ២០០១-២០០៦ បានធ្វើមាតុភូមិនិវត្តន៍យ៉ាងគួរឲ្យភ្ញាក់ផ្អើល កាលពីខែសីហាឆ្នាំមុន ដើម្បីអនុវត្តទោសជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំពីបទរំលោភអំណាច ដែលក្រោយមកត្រូវបានបន្ធូរបន្ថយមកត្រឹម ១ឆ្នាំ ដោយព្រះមហាក្សត្រ។
សម្រាប់ពេលនេះ មហាសេដ្ឋីរូបនេះកំពុងត្រូវបានឃុំខ្លួននៅមន្ទីរពេទ្យ ដោយសារបញ្ហាសុខភាពដែលមិនត្រូវបានលាតត្រដាង ហើយលោកមិនទាន់បានចំណាយពេលឲ្យបានមួយយប់ពេញ ក្នុងពន្ធនាគារនៅឡើយទេ។ លោកទទួលបានសិទ្ធិទទួលដោះលែងឲ្យនៅក្រៅឃុំនាចុងខែនេះ។ លោក Prayut Petchkhun អ្នកនាំពាក្យការិយាល័យអគ្គព្រះរាជអាជ្ញា បានប្រាប់អ្នកសារព័ត៌មានថា ការពន្យារពេល ៧ឆ្នាំ ក្នុងការអនុវត្តបណ្តឹងប្រមាថព្រះមហាក្សត្រ គឺដោយសារតែលោក ថាក់ស៊ីន បានទៅរស់នៅបរទេស៕