
សហជីពកសិករដ៏ធំបំផុត នៅប្រទេសបារាំង កំពុងផ្អាកការបិទផ្លូវរបស់ពួកគេសម្រាប់ពេលនេះ បន្ទាប់ពីរដ្ឋាភិបាលបានប្រកាសវិធានការថ្មី ដើម្បីជួយដល់វិស័យកសិកម្ម។ ត្រាក់ទ័ររាប់ពាន់គ្រឿងត្រូវបានចតនៅលើផ្លូវហាយវេឡើងចុះក្នុងប្រទេសអស់រយៈពេលជាច្រើនថ្ងៃ ដែលជាផ្នែកមួយនៃការតវ៉ារបស់វិស័យនេះ ពាក់ព័ន្ធនឹងការនាំចូលតម្លៃថោក ពន្ធប្រេងឥន្ធនៈ និងផលប៉ះពាល់នៃការផ្លាស់ប្តូរបៃតង ចំពោះជីវភាពរស់នៅរបស់ពួកគេ។
សំឡេងតវ៉ារបស់កសិករ ដើម្បីឲ្យមានវិធានការនោះ មិនត្រឹមតែកើតឡើងនៅតែក្នុងប្រទេសបារាំងប៉ុណ្ណោះទេ តែការអំពាវនាវនេះត្រូវបានបន្ទរឡើងដោយអ្នកប្រកបការងារកសិកម្មដូចគ្នានៅក្នុងប្រទេសអឺរ៉ុបផ្សេងទៀត ដូចជាអាល្លឺម៉ង់ ប៉ូឡូញ និងបែលហ្ស៊ិកជាដើម។
កសិករទាំងនោះកំពុងធ្វើយុទ្ធនាការប្រឆាំងនឹងការប្រកួតប្រជែងពីការនាំចូលតម្លៃថោក ការិយាធិបតេយ្យហួសហេតុ តម្លៃផលិតកម្មខ្ពស់ និងសម្ពាធតម្លៃពីអ្នកលក់រាយ។ ជាមួយគ្នានេះ ពួកគេក៏មានការបារម្ភផងដែរអំពីផលប៉ះពាល់នៃការផ្លាស់ប្តូរបៃតង និងគោលនយោបាយបម្រែបម្រួលអាកាសធាតុលើវិស័យរបស់ពួកគេ។ ក្រុមអ្នកតវ៉ាបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ CNA ថា ពួកគេត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការតវ៉ារយៈពេលយូរ។
បញ្ហាសំខាន់ដែលកសិករខឹងសម្បា គឺថា ពួកគេមានអារម្មណ៍ត្រូវបានទុកចោល និងមិនអើពើពីសំណាក់រដ្ឋមន្ត្រីក្នុងជួររដ្ឋាភិបាល។ រដ្ឋាភិបាលបារាំងបានឆ្លើយតបដោយការប្រកាសផ្អាកការដំឡើងពន្ធលើឥន្ធនៈកសិកម្ម រួមជាមួយនឹងជំនួយហិរញ្ញវត្ថុបន្ថែមទៀត សម្រាប់វិស័យកសិកម្ម។ តែទោះជាយ៉ាងណាក្ដី ក្រុមបាតុករមួយចំនួនចង់ឲ្យមានវិធានការបន្ថែមទៀតនៅកម្រិតអឺរ៉ុបយ៉ាងទូលំទូលាយ៕