
ពលរដ្ឋហ្គាហ្សាដែលតម្រង់ជួររង់ចាំទទួលអាហារនៅផ្ទះបាយសប្បុរសធម៌ក្នុងទីក្រុងភាគខាងត្បូង Rafah ជិតព្រំដែនប្រទេសអេហ្ស៊ីប ជាកន្លែងដែលការផ្គត់ផ្គង់មានដែនកំណត់លើស្បៀងអាហារនាំចូលនោះ និយាយថា ពួកគេពុំដែលទទួលទានឆ្អែតម្តងណាឡើយ ចាប់តាំងពីសង្រ្គាមផ្ទុះឡើងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ។
ភាពស្រេកឃ្លាន បានកើតមាននៅទូទាំងតំបន់ហ្គាហ្សាស្រ្ទីប គឺជាតំបន់បិទច្រកមានពលរដ្ឋរស់នៅ ២,៣លាននាក់ ដែលរងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី ៧ ខែតុលារហូតមក ពេលដែលពួកគេធ្វើសង្រ្គាមជាមួយក្រុមហាម៉ាស់ ។
យោងតាមការអះអាងពីទីភ្នាក់ងារអង្គការសហប្រជាជាតិ(UN) បានឲ្យដឹងថា ពលរដ្ឋហ្គាហ្សាជាងពាក់កណ្តាល បច្ចុប្បន្នកំពុងប្រឈមភាពស្រេកឃ្លានដ៏គ្រោះថ្នាក់ ។
អ្នកស្រី Ayesha Abu Al-Khair គឺជាស្រ្តីជម្លៀសខ្លួនមួយរូបពីទីក្រុងហ្គាហ្សា ពេលអ្នកស្រីកាន់ចានបាយដែលទទួលបានពីផ្ទះបាយសប្បុរសធម៌ និយាយថា ពួកយើងរស់រាល់ថ្ងៃដោយសង្ឃឹមថានឹងមានបទឈប់បាញ់ ប៉ុន្តែគ្មានទេការវិលត្រឡប់ទៅផ្ទះវិញ ឬបទឈប់បាញ់នោះ ។
ដោយឡែក លោក Abu Sobhi Harara គឺជាពលរដ្ឋជម្លៀសខ្លួនមួយរូបទៀតមកពីទីក្រុង Jabalia និយាយថា រាល់ថ្ងៃ ពួកយើងទទួលទានតែសណ្តែក និងបាយតែប៉ុណ្ណោះ គ្មានសាច់នោះទេ ។ អ្នកព.កូន ហើយកូនឈឺ ពួកយើងរាល់ថ្ងៃទៅមណ្ឌលសុខភាព ដើម្បីសុំថ្នាំពេទ្យពីទីភ្នាក់ងារការងារជំនួយអង្គការសហប្រជាជាតិ(UNRWA) ។
លោកបន្តថា រាល់ថ្ងៃពួកយើងពុំធ្លាប់ដែលទទួលទានឆ្អែតម្តងណាឡើយ ។
គ្មានទិន្នន័យទូលំទូលាយនោះទេសម្រាប់ភាពស្រេកឃ្លាននៅតំបន់ហ្គាហ្សា ក្នុងនោះទីភ្នាក់ងារជំនួយ បានប្រឹងប្រែងចូលទៅដល់ជនរងគ្រោះ និងទាក់ទងទៅកាន់ពួកគេ ស្របពេលដែលសង្រ្គាមនៅតែបន្ត ៕