
ស្ថានទូតចិនប្រចាំប្រទេសហ្វីលីពីនបាននិយាយថា រដ្ឋាភិបាលចិនមិនអត់ឱនចំពោះការវាយប្រហារតាមអ៊ីនធឺណិតក្នុងទម្រង់ណាមួយនោះឡើយ ហើយនឹងមិនអនុញ្ញាតជាដាច់ខាតឲ្យប្រទេសណាមួយ ឬបុគ្គលណាម្នាក់ចូលរួមក្នុងសកម្មភាពខុសច្បាប់បែបនេះ ដោយប្រើហេដ្ឋារចនាសម្ព័ន្ធរបស់ចិន។
ប្រទេសចិនបានធ្វើការអះអាងបែបនេះ បន្ទាប់ពីប្រទេសហ្វីលីពីន កាលពីថ្ងៃចន្ទ (ទី៥ ខែកុម្ភៈ) បាននិយាយថា ពួកអ្នកវាយប្រហារតាមអ៊ិនធឺណិតមកពីចិនកាលពីខែមុន បានប៉ុនប៉ងលួចចូលទៅក្នុងគេហទំព័ររបស់រដ្ឋាភិបាល ក្នុងនោះរួមទាំងគេហទំព័រផ្ទាល់ខ្លួនរបស់ប្រធានាធិបតីលោក Ferdinand Marcos Jr ផងដែរ ប៉ុន្តែមិនបានសម្រេច។
ទីក្រុងម៉ានីលមិនបាននិយាយថា ពួកអ្នកលួចចូលមើលទិន្នន័យតាមប្រព័ន្ធអ៊ិនធឺណិត មានទំនាក់ទំនងជាមួយរដ្ឋណាមួយនោះទេ ប៉ុន្តែបាននិយាយថា ពួកគេត្រូវបានរកឃើញថា កំពុងប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន Unicom ដែលគ្រប់គ្រងដោយរដ្ឋចិន។ ពាក់ព័ន្ធនឹងការលើកឡើងនេះ ក្រុមហ៊ុន Unicom មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។
អ្នកនាំពាក្យនៅឯស្ថានទូតចិន ក្នុងទីក្រុងម៉ានីល នៅយប់ថ្ងៃចន្ទនោះ បាននិយាយថា៖ «រដ្ឋាភិបាលចិន ប្រឆាំងយ៉ាងម៉ឺងម៉ាត់ និងបង្ក្រាបរាល់ទម្រង់នៃការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ស្របតាមច្បាប់ ដោយមិនអនុញ្ញាតឲ្យប្រទេសណាមួយ ឬបុគ្គលណាម្នាក់ ចូលរួមក្នុងការវាយប្រហារតាមអ៊ីនធឺណិត និងសកម្មភាពខុសច្បាប់ផ្សេងទៀត នៅលើដីចិន ឬប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធរបស់ចិនជាដាច់ខាត»។
គួរបញ្ជាក់ថា បច្ចុប្បន្ន ប្រទេសហ្វីលីពីនកំពុងធ្វើការលើយុទ្ធសាស្ត្រសន្តិសុខតាមអ៊ីនធឺណិតរយៈពេល ៥ឆ្នាំ ដើម្បីពង្រឹងការការពារតាមអ៊ីនធឺណិតរបស់ខ្លួន។ យោធារបស់ប្រទេសនេះ កាលពីឆ្នាំមុន បានប្រកាសថា ខ្លួននឹងបង្កើតពាក្យបញ្ជាតាមអ៊ីនធឺណិត៕