
ក្រុមអ្នកតំណាងអង្គការសហប្រជាជាតិ(UN) បានស្ថិតនៅក្នុងកិច្ចប្រជុំបិទទ្វាររបស់ក្រុមប្រឹក្សាសន្តិសុខ ដើម្បីលើកឡើងពីជម្លោះកំពុងបន្តនៅសហភាពមីយ៉ាន់ម៉ា ។
នៅមុនពេលជំនួបចាប់ផ្តើម ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅ UN លោកស្រី Barbara Woodward បានផ្តល់សេចក្តីថ្លែងការណ៍ខ្លី ជាមួយក្រុមអ្នកតំណាងផ្សេងទៀតរបស់ UN ។
លោកស្រី Woodward និយាយថា ខែកុម្ភៈនេះ គឺជាខួប ៣ឆ្នាំ ចាប់តាំងពីយោធាសហភាពមីយ៉ាន់ម៉ាផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ ។ ស្ថានភាពក្នុងប្រទេសមួយនេះ នៅតែធ្ងន់ធ្ងរ ។ ពួកយើងសូមធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះអំពើហិង្សាកំពុងបន្តដែលធ្វើឲ្យប៉ះពាល់ដល់ជនស៊ីវិល ។
ដោយឡែក ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំនៅ UN លោក Kyaw Moe Tun បាននិយាយផងដែរពីស្ថានភាពមនុស្សធម៌ ។
លោក Kyaw និយាយថា កាលពីឆ្នាំមុន មនុស្សជាង ៤៤.០០០នាក់ ត្រូវបានសម្លាប់យ៉ាងឃោឃៅដោយយោធា ហើយមនុស្សជាង ២,៦លាននាក់ ត្រូវបានជម្លៀសខ្លួនក្នុងប្រទេស ។
លោកបន្តថា អចលនទ្រព្យស៊ីវិលជាង ៨៦.០០០កន្លែង រួមទាំងអគារសាសនា ត្រូវបានបំផ្លាញ ត្រូវបានបោះបង់ចោលដោយកងកម្លាំងរបបសឹក ហើយមនុស្សជិត ១៩លាននាក់ ត្រូវការជំនួយមនុស្សធម៌ ។
លោក Kyaw បានអង្វរសុំជំនួយបន្ថែមទៀត ពីសហគមន៍អន្តរជាតិ សម្រាប់ប្រជាជនមីយ៉ាន់ម៉ា ៕