
អ្នកនាំពាក្យអង្គការសហប្រជាជាតិ បាននិយាយថា អង្គការសហប្រជាជតិ កំពុងរៀបចំផែនការដើម្បីចូលទៅដល់ប្រជាជន១៥លាននាក់ ក្នុងចំណោមប្រជាជន២៥លាននាក់ ដែលកំពុងត្រូវការជំនួយ នៅក្នុងប្រទេសស៊ូដង់ដែលហែកហ៊ួរដោយសង្គ្រាម។
លោក Stephane Dujarric ប្រធានអ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា ទាំងអគ្គលេខាធិការរងទទួលបន្ទុកកិច្ចការមនុស្សធម៌ លោក Martin Griffiths និងស្នងការជាន់ខ្ពស់ទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិលោក Filippo Grandi នឹងចូលរួមនៅក្នុងការប្រកាសអំពីគោលដៅនៅក្នុងទីក្រុងហ្សឺណែវ នៅថ្ងៃពុធ។
លោក Dujarric និយាយថា បន្ទាប់ពីរយៈពេលជិត ១០ខែ នៃជម្លោះ ជាងពាក់កណ្តាលនៃប្រជាជនស៊ូដង់ ប្រមាណ២៥លាននាក់ ត្រូវការជំនួយមនុស្សធម៌ និងការការពារ។ សង្គ្រាមបានបង្ខំឲ្យប្រជាជនជាង១,៥ លាននាក់ភៀសខ្លួនឆ្លងកាត់ព្រំដែនប្រទេសស៊ូដង់ ទៅកាន់ប្រទេសផ្សេងៗ ដែលកំពុងទទួលជនភៀសខ្លួនដ៏ច្រើនរួចទៅហើយ។ លោក និយាយថាផែនការឆ្លើយតបជំនួយមនុស្សធម៌សម្របសម្រួលដោយអង្គការសហប្រជាជាតិ សម្រាប់ប្រទេសស៊ូដង់ មានបំណងទៅដល់ប្រជាជនជិត១៥លាននាក់ នៅឆ្នាំនេះ ខណៈផែនការឆ្លើយតបជនភៀសខ្លួនប្រចាំតំបន់ មានបំណងគាំទ្រប្រជាជនជិត២,៧លាននាក់ នៅក្នុងប្រទេសជិតខាងចំនួន៥។
ប្រទេសនានានៅជុំវិញប្រទេសស៊ូដង់ កំពុងទទួលជនភៀសខ្លួនមកពីសាធារណៈរដ្ឋអាហ្វ្រិកកណ្តាល ឆាដ អេហ្ស៊ីប អេត្យូពី និងប្រទេសស៊ូដង់ខាងត្បូង។ អង្គការទេសន្តប្រវេសន៍អន្តរជាតិ បាននិយាយថាប្រជាជន៩លាននាក់ ភៀសខ្លួនតែនៅក្នុងប្រទេសស៊ូដង់ ដែលធ្វើឲ្យប្រទេសនេះ ជួបវិបត្តិភៀសខ្លួនខាងក្នុងប្រទេសច្រើនបំផុតក្នុងពិភពលោក។