
អភិបាលរដ្ឋតិចសាស លោក ហ្គ្រេហ្គ អាប់បូត (Greg Abbott) បាននិយាយកាលពីថ្ងៃអាទិត្យថា លោកកំពុងពង្រីកការគ្រប់គ្រងកងទ័ពរបស់លោក នៅតាមព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិក ដើម្បីការពារវាពី «ការឈ្លានពាន»របស់ជនអន្តោប្រវេសន៍ ខណៈដែលរដ្ឋបាលរបស់ប្រធានាធិបតី ចូ បៃដិន ( Joe Biden) ចោទប្រកាន់លោកថា បានហួសអំណាចរបស់លោកហើយ។
លោកអាប់បូត (Abbott) ដែលអមដំណើរដោយអភិបាលរដ្ឋសាធារណៈរដ្ឋចំនួន ១៣នាក់ បានមកដល់សួនឧទ្យាន Shelby Park ក្នុងទីក្រុង Eagle Pass រដ្ឋតិចសាសដែលមានផ្លូវឡើងទៅកាន់ទន្លេ Rio Grande ដែលបង្កើតជាព្រំដែនធម្មជាតិរវាងសហរដ្ឋអាមេរិក និងម៉ិកស៊ិក។
លោកអាប់បូត បានថ្លែងប្រាប់សន្និសីទសារព័ត៌មានមួយថា៖«យើងនៅទីនេះ ដើម្បីផ្ញើសារខ្លាំងៗ និងច្បាស់លាស់ថា យើងកំពុងរួមគ្នាប្រយុទ្ធ ដើម្បីធានាថា យើងនឹងអាចរក្សាការធានារដ្ឋធម្មនុញ្ញរបស់យើង រដ្ឋទាំងនោះ នឹងអាចការពារប្រឆាំងនឹងប្រភេទនៃគ្រោះថ្នាក់ ឬឈ្លានពានណាមួយ ដែលជិតមកដល់»។
ទីក្រុង Eagle Pass ប្រហែល ២០ ម៉ាយ (៣០ គីឡូម៉ែត្រ) ពីទីក្រុង Quemado បានក្លាយជាចំណុច កណ្តាលនៃជម្លោះដ៏ខ្លាំងក្លារវាងលោកអាប់បូត និងរដ្ឋបាលលោកបៃដិន។
រដ្ឋាភិបាលសហព័ន្ធ កំពុងប្តឹងលោកអាប់បូតជុំវិញការកាន់កាប់សួនឧទ្យាន Shelby Park និងការដាក់លួសបន្លា នៅតាមច្រាំងទន្លេ។