
នៅថ្ងៃអង្គារនេះ ក្រសួងការបរទេសចិន និយាយថា ការស្រាវជ្រាវត្រូវបានធ្វើឡើងដោយនាវាចិនដែលចូលចតមួយរយៈពេលខ្លីនៅកំពង់ផែប្រទេសម៉ាល់ឌីវនោះ គឺសម្រាប់តែគោលបំណងសន្តិភាពប៉ុណ្ណោះ ហើយវាមានគោលដៅធ្វើឲ្យល្អប្រសើរឡើងការយល់ដឹងវិទ្យាសាស្រ្តមហាសមុទ្ររបស់មនុស្ស ។
គួរឲ្យដឹងថា ក្រសួងការបរទេសម៉ាល់ឌីវ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីខែមករាថា នាវា Xiang Yang Hong 3 នឹងចូលចតមួយរយៈពេលខ្លីនៅកំពង់ផែរបស់ខ្លួន សម្រាប់ឆ្លាស់វេនបុគ្គលិក និងផ្គត់ផ្គង់សម្ភារៈឡើងវិញ ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅទីក្រុងប៉េកាំង លោក Wang Wenbin គឺជាអ្នកនាំពាក្យក្រសួងការបរទេសចិន និយាយថា អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ចិន និងម៉ាល់ឌីវ បានរក្សាកិច្ចសហប្រតិបត្តិការជិតស្និតក្នុងវិស័យស្រាវជ្រាវវិទ្យាសាស្រ្តសមុទ្រ ។
សូមបញ្ជាក់ថា វត្តមានរបស់នាវាមួយគ្រឿងនេះ ទំនងជាធ្វើឲ្យក្តីកង្វល់កើនឡើងរបស់ប្រទេសឥណ្ឌា ដែលកាលពីមុនចាត់ទុកនាវាបែបនេះនៅជិតតំបន់ឆ្នេររបស់ខ្លួនថាជាបញ្ហា ៕