
សារព័ត៌មានរដ្ឋ រាយការណ៍នៅថ្ងៃអង្គារនេះថា ផ្លូវហាយវ៉េ បានក្លាយជាទឹកកក ហើយផ្ទះសម្បែងប្រជាពលរដ្ឋ បានបាក់រលំ នៅខេត្តភាគកណ្តាលហ៊ូប៉ី ស្របពេលដែលភ្លៀងទឹកកក ព្រិលធ្លាក់ និងទឹកកកធ្លាក់ បង្កភាពវឹកវរដល់ការធ្វើដំណើរនៅទូទាំងប្រទេស អំឡុងពិធីបុណ្យចូលឆ្នាំចិន ។
រូបភាពវីដេអូឃ្លីបនៅលើកញ្ចក់ទូរទស្សន៍រដ្ឋចិន CCTV ឃើញការធ្វើចរាចរណ៍នៅលើផ្លូវទឹកកក ស្របពេលដែលក្រុមការងារសង្រ្គោះ ព្យាយាមបោសសម្អាតព្រិលនៅទីក្រុង Jingmen និងទីក្រុង Jingzhou ។
អ្នករស់រានពីការបាក់អគារផ្ទះនៅទីក្រុង Tianmen ក៏ដូចជាអគារស្នាក់នៅក្នុងរោងចក្រនៅទីក្រុង Jingzhou ត្រូវបានគេជួយសង្រ្គោះ ។
យោងតាមសេចក្តីរាយការណ៍ពីសារព័ត៌មានរដ្ឋ បានឲ្យដឹងថា មនុស្សយ៉ាងហោច ២នាក់ បានស្លាប់ក្នុងឧបទ្ទេវហេតុពាក់ព័ន្ធនឹងព្រិល ។ មនុស្សម្នាក់នៅខេត្តហ៊ូប៉ី និងមនុស្សម្នាក់ទៀត មកពីខេត្តភាគខាងត្បូងហ៊ូណាន បានស្លាប់ ពេលដែលផ្សារកសិករ បាក់ដំបូលដោយសារទ្រទម្ងន់ព្រិលធ្ងន់ខ្លាំងពេក ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយសង្រ្គោះបន្ទាន់ជាតិចិន បានឲ្យដឹងថា ស្ថានភាពអាកាសធាតុអាក្រក់បែបនេះ នឹងបន្តអូសបន្លាយពេលប៉ុន្មានថ្ងៃទៀត ហើយទីក្រុងជាច្រើន បានធ្វើបច្ចុប្បន្នភាពសេចក្តីជូនដំណើរពីអាកាសធាតុ និងផែនការឆ្លើយតបសង្រ្គោះបន្ទាន់ ៕