
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នៅថ្ងៃអង្គារ (ទី៦ ខែកុម្ភៈ) បានធ្វើដំណើរទៅដល់ទីក្រុងគែរហើយ ដើម្បីជួបជាមួយប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah al-Sisi (Sisi) ខណៈដែលសហរដ្ឋអាមេរិកកំពុងធ្វើការ ដើម្បីជំរុញឲ្យមានបទឈប់បាញ់ នៅតំបន់ហ្កាហ្សា និងកិច្ចព្រមព្រៀងចំណាប់ថ្នូរ ដែលសម្របសម្រួលដោយអេហ្ស៊ីប និងកាតា។
អ្នកការទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិកបានចាកចេញពីទីក្រុងរីយ៉ាដភ្លាមៗ បន្ទាប់ពីថ្ងៃរះ ដើម្បីអ្វីដែលត្រូវបានរំពឹងថា ជាថ្ងៃដ៏យូរ ក្នុងការទៅទស្សនកិច្ចប្រទេសអេហ្ស៊ីប និងកាតា មុនពេលធ្វើដំណើរទៅប្រទេសអ៊ីស្រាអែល ដើម្បីពិភាក្សាពីការចរចាអំពីចំណាប់ថ្នូរ ផែនការក្រោយសង្គ្រាម នៅតំបន់ហ្កាហ្សា និងចក្ខុវិស័យនៃការធ្វើប្រក្រតីទំនាក់ទំនាក់ រវាងប្រទេសអារ៉ាប់ និងអ៊ីស្រាអែល។
ដំណើរទស្សនកិច្ចលើកទី៥ របស់លោក Blinken ទៅកាន់តំបន់នេះ ចាប់តាំងពីខែតុលាមកនោះ កើតមានឡើងក្នុងខណៈដែលសហរដ្ឋអាមេរិកកំពុងបន្តយុទ្ធនាការសងសឹករបស់ខ្លួនប្រឆាំងនឹងកងជីវពលសម្ព័ន្ធអ៊ីរ៉ង់ ដែលបានបើកការវាយប្រហារកាលពីខែមុន និងបានសម្លាប់ទាហានអាមេរិក នៅបន្ទាយយោធាមួយ នៅប្រទេសហ្ស៊កដានី។
ក្រុងវ៉ាស៊ីនតោនមើលឃើញបទឈប់បាញ់ដែលអាចមាន ដើម្បីដោះលែងចំណាប់ថ្នូរនៅសល់ ដែលត្រូវបានក្រុមហាម៉ាសចាប់ខ្លួន កាលពីថ្ងៃទី៧ ខែតុលា និងការផ្អាកប្រយុទ្ធ នៅតំបន់ហ្កាហ្សាថា ជាចំណុចសំខាន់ដល់វឌ្ឍនភាពលើបញ្ហាប្រឈមផ្សេងទៀត ដែលមានដូចជាអភិបាលកិច្ចនៅតំបន់ហ្កាហ្សាក្រោយសង្គ្រាម ផ្លូវឆ្ពោះទៅកាន់ភាពជារដ្ឋប៉ាឡេស្ទីន និងកិច្ចព្រមព្រៀង រវាងអ៊ីស្រាអែល និងអារ៉ាប៊ីសាអ៊ូឌីត ក្នុងការធ្វើប្រក្រតីទំនាក់ទំនងរបស់ប្រទេសទាំង២៕