
ការស្ទង់មតិមួយបានបង្ហាញ នៅថ្ងៃអង្គារ (ទី៦ ខែមករា) នេះថា គណបក្សប្រឆាំងរបស់ប្រទេសព័រទុយហ្គាល់ គឺគណបក្សសម្ព័ន្ធប្រជាធិបតេយ្យ (Democratic Alliance) ទំនងជានឹងឈ្នះភាគច្រើននៅក្នុងការបោះឆ្នោតមុនអាណត្តិ នាថ្ងៃទី១០ ខែមីនា ប៉ុន្តែខ្វះសំឡេងភាគច្រើនដាច់ខាតនៅក្នុងសភា ជាលទ្ធផលដែលអាចមើលឃើញថា ត្រូវពឹងផ្អែកលើការគាំទ្រពីពួកស្ដាំនិយមជ្រុល។
ការស្ទង់មតិដោយសាកលវិទ្យាល័យ CESOP/Catholic ដើម្បីប្រព័ន្ធផ្សព្វផ្សាយ RTP និងសារព័ត៌មាន Publico បានប៉ាន់ប្រមាណការគាំទ្រ សម្រាប់គណបក្សសម្ព័ន្ធប្រជាធិបតេយ្យកណ្តាលស្តាំនិយម នៅចំនួន ៣២ភាគរយ ដោយនាំមុខគណបក្សដែលកំពុងកាន់អំណាច គឺគណបក្សសង្គមនិយមកណ្តាលឆ្វេងនិយម ដែលមានសំឡេងគាំទ្រ ២៨ភាគរយ ដោយតួលេខនេះផ្ទុយពីការស្ទង់មតិថ្មីៗជាច្រើនផ្សេងទៀត។
ខណៈពេលដែលគណបក្សទាំង២ កើនឡើងនូវប្រជាប្រិយភាពកាន់តែខ្លាំង បើប្រៀបធៀបទៅនឹងការស្ទង់មតិមុនក្នុងខែវិច្ឆិកា គណបក្សប្រឆាំងស្តាំនិយមជ្រុល Chega ឯណោះ ក៏បានឃើញមានការគាំទ្ររបស់ខ្លួនកើនឡើងដល់ ១៩ភាគរយ ដោយឡើងពី ១៦ភាគរយ ដែលនេះជួយពង្រឹងការរំពឹងទុករបស់គណបក្ស ក្នុងការបានកាន់តំណែងសំខាន់ៗ៕