ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលទើបនឹងជ្រើសរើសថ្មី ចំនួន៣៥០នាក់ ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល, កាលពីរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤។
ថ្លែងទៅកាន់អង្គពិធីឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានចូលរួមក្នុងពិធីសំណេះសំណាលជាមួយសមាជិកថ្មីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលទើបនឹងជ្រើសរើសថ្មី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនាពេលនេះ។ ជាមួយគ្នានោះ ឯកឧត្តម បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ដែលបានខិតខំលះបង់ ស្របទៅនឹងអ្វីដែលជាបុព្វហេតុ និងបេសកកម្មមនុស្សធម៌ និងកិច្ចការងារសង្គមនានា ជាពិសេសគឺការចូលរួមចំណែក ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋកម្ពុជាផងដែរ។
ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងទៀតថា ក្នុងនាមជាផ្នែកមួយនៃក្រុមគ្រួសារ ស.ស.យ.ក. ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបានចូលរួមចំណែកក្នុងចលនារួមរបស់សង្គមជាតិ ក្នុងការទប់ស្កាត់ និងឈានឆ្ពោះទៅបញ្ចប់ការ រីករាលដាលនៃជំងឺកូវីដ-១៩ ដោយរួបរួមជាមួយសកម្មភាពសង្គមរបស់ ស.ស.យ.ក. បន្ថែមទៀត។ ឯកឧត្តមបានគូសបញ្ជាក់ផងដែរថា តាមរយៈការលះបង់នេះ បានសរបញ្ជាក់ពីស្មារតី ២ ធ្នូ ដោយសមាជិក សមាជិកា ស.ស.យ.ក. សមាជិក សមាជិកា ក្រុមការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រភព មានតួនាទី និងមុខងារផ្សេងៗ មករួមគ្នា ដាក់ផលប្រយោជន៍ផ្ទាល់ខ្លួនដោយឡែក មកធ្វើការងារជាក្រុម ដើម្បីសម្រេចគោលដៅរួមមួយ សម្រាប់ប្រទេសជាតិ និងផ្តល់ជាគម្រូដល់សង្គមជាតិ។
តាមរយៈការស្ម័គ្រចិត្តនេះ ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងជាអនុប្រធានប្រតិបតិ្ត ទទួលបន្ទុកជាប្រធានប្រតិបតិ្តក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានលើកឡើងថា មន្រ្តី បុគ្គលិក និស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ចំនួន២,៣៤៨នាក់ បានចូលរួមដោយស្ម័គ្រចិត្តជាសមាជិក សមាជិកា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងបានចូលរួមចំណែកផ្តល់សេវាអប់រំ ថែទាំ ព្យាបាលសុខភាព ដោយឥតគិតថ្លៃ បានចំនួន០៩លើក ដោយមានប្រជាពលរដ្ឋមកទទួលសេវា សរុបចំនួន ៦៦,៦៩៣នាក់។
សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេល ១២ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ៣១ មករា ឆ្នាំ២០២៤) ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ដោយផ្ទាល់ ការចង្អុលបង្ហាញជាប្រចាំ ប្រកបដោយទស្សនវិស័យវែងឆ្ងាយ និងប្រាកដប្រជា គួរឱ្យគោរពកោតសរសើរ របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលមានក្រុមគ្រូពេទ្យចំនួន ១២,០៦៩នាក់ (មួយម៉ឺនពីរពាន់ហុកសិបប្រាំបួននាក់) ក្នុងនោះស្ត្រីមានចំនួន ៦,៤៩៥នាក់ (ប្រាំមួយពាន់បួនរយកៅសិបប្រាំនាក់) ដែលមាន ២៧ សាខា (ក្នុងនោះមានចំនួន ២៥ រាជធានី- ខេត្ត សាខា និងសាកលវិទ្យាល័យ ចំនួន ២សាខា) ដឹកនាំនិងសម្របសម្រួលដោយឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានបំពេញបេសកកម្មដ៏ថ្លៃថ្លាដោយទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលជាច្រើនឥតគណនា ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្កាកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បណ្តុះបណ្តាលវគ្គសង្គ្រោះបឋម យកសំណាករកវីរុសកូវីដ-១៩ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុង ២៥រាជធានី- ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា បានចំនួន១៨២៥លើក, ព្យាបាលជំងឺជូនប្រជាពលរដ្ឋបានចំនួន ១៣,១៥៧,០៧៧នាក់ (ដប់បីលានដប់ប្រាំម៉ឺន ប្រាំពីរពាន់ចិតសិបប្រាំពីរ នាក់) ក្នុងនោះស្ត្រីមានចំនួន ៦,៧៣១,២៥៦នាក់ (ប្រាំមួយលាន ចិតសិបបីម៉ឺន មួយពាន់ ពីររយ ហាសិបប្រាំមួយ នាក់)គិតត្រឹមថ្ងៃទី៣១ខែមករាឆ្នាំ២០២៤ ច្រើនជាងចំនួន៣ ភាគ៤ នៃប្រជាជនសរុបទូទាំងប្រទេសដែលមានចំនួន ១៧,៣៣៦,៣០៧ នាក់ (ដប់ប្រាំពីរលាន សាមសិបបីម៉ឺន ប្រាំមួយពាន់ បីរយ ប្រាំពីរ នាក់) ធៀបនឹងឆ្នាំ២០២៤ បើគិតសេវាជាមធ្យម ប្រជាពលរដ្ឋក្នុងម្នាក់ ចំណាយអស់៥០ដុល្លារ សរុបត្រូវចំណាយទាំងអស់ប្រហែល ៦៥៧,៨៥៣,៨៥០ដុល្លារ (ប្រាំមួយរយហាសិបប្រាំពីរលាន ប៉ែតសិបប្រាំម៉ឺន បីពាន់ប្រាំបីរយ ហាសិប ដុល្លារសហរដ្ឋអាមេរិក)។ រហូតមកដល់ពេលនេះ ក្រុមការងារគ្រូពេទ្យស្មគ្រ័ចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៤,៦០១នាក់ បាននិងកំពុងចុះបេសកកម្មតាមការឧទ្ទេសនាមរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ និងដោយស្ម័គ្រចិត្តឥតគិតថវិកាបេសកកម្ម ដោយចាក់ជូនប្រជាពលរដ្ឋបានប្រមាណ ១១,៨៩០,១៦៤ដូស (ដប់មួយលានប៉ែតសិបប្រាំបួនម៉ឺន មួយរយហុកសិបបួនដូស) ក្នុង២៥ រាជធានី-ខេត្ត។ ទទួលបានការពិនិត្យ ព្យាបាល និងចែកថ្នាំជូនដោយឥតគិតថ្លៃពី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដោយមានកិច្ចសហការជាមួយ សាខាសកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី-ខេត្ត មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់។ ការចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូនប្រជាពលរដ្ឋក្នុងនាមជាឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយអនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងបង្កើនភាពសុខដុមរមនាក្នុងសហគមន៍ តាមរយៈការផ្ដល់សេវាសុខភាពសាធារណៈដោយឥតគិតថ្លៃ។ យើងនាំគ្នារួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋ ដើម្បីរួបរួមគ្នាធ្វើអំពើល្អ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ ក្នុងបុព្វហេតុជាតិ និងមាតុភូមិរបស់យើង ជាពិសេសការចូលរួមលើកកម្ពស់សុខុមាលភាពប្រជាជន គឺនាំអោយមានកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជាស្របទៅតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ ៖ រដ្ឋា
























