
សភារបស់ប្រទេសស៊ែប៊ី បានកោះប្រជុំនៅថ្ងៃអង្គារ (ទី៦ ខែកុម្ភៈ) នេះ ដែលជាសម័យប្រជុំដំបូងរបស់ខ្លួនបន្ទាប់ពីមានការបោះឆ្នោតយ៉ាងចម្រូងចម្រាសកាលពីឆ្នាំមុន និងការចោទប្រកាន់របស់គណបក្សប្រឆាំងអំពីការក្លែងបន្លំការបោះឆ្នោត។
អំឡុងសម័យប្រជុំនេះ សមាជិកសភាគណបក្សប្រឆាំង បានបដិសេធមិនធ្វើសច្ចាប្រណិធាន តវ៉ាដោយផ្លុំកញ្ចែ គ្រវីបដា និងជេរប្រមាថគ្នាទៅវិញទៅមកជាមួយសមាជិកសភាដែលមកពីក្រុមចម្រុះដែលកំពុងកាន់អំណាច។ សមាជិកសភាមកពីសម្ព័ន្ធគណបក្សប្រឆាំង គឺ Serbia Against Violence (SPN) (ស៊ែប៊ីប្រឈងនឹងអំពើហិង្សា) បានអះអាងឡើងវិញនូវការអំពាវនាវរបស់ពួកគេឲ្យលុបចោលលទ្ធផល និងរៀបចំការបោះឆ្នោតថ្មី។
សូមបញ្ជាក់ថា នៅក្នុងការបោះឆ្នោត កាលពីថ្ងៃទី១៧ ខែធ្នូ គណបក្ស Serbian Progressive Party (SNS) ដែលកំពុងកាន់អំណាចរបស់ប្រធានាធិបតីលោក Aleksandar Vucic ទទួលបានសំឡេងគាំទ្រ ៤៦,៧៥ភាគរយ ខណៈដែលគណបក្សសម្ព័ន្ធប្រឆាំង SPN ទទួលបានសំឡេងឆ្នោតគាំទ្រ ២៣,៦៦ភាគរយ។
ក្រុមអ្នកសង្កេតការណ៍អន្តរជាតិបាននិយាយថា គណបក្សកាន់អំណាចបានទទួលផលប្រយោជន៍អយុត្តិធម៌ តាមរយៈការលម្អៀងរបស់ប្រព័ន្ធផ្សព្វផ្សាយ ឥទ្ធិពលមិនត្រឹមត្រូវពីលោក Vucic និងភាពមិនប្រក្រតីនៃការបោះឆ្នោត ដូចជាការទិញសន្លឹកឆ្នោតជាដើម។
ចាប់តាំងពីការបោះឆ្នោតនោះមក គណបក្ស SPN រួមជាមួយនឹងបណ្ដាគណបក្សប្រឆាំង និងក្រុមសង្គមស៊ីវិលផ្សេងទៀត បានធ្វើបាតុកម្មទាមទារឲ្យមានការបោះឆ្នោតឡើងវិញ។ មេដឹកនាំគណបក្ស SPN លោកស្រី Marinika Tepic បានធ្វើកូដកម្មអត់អាហារ៕