
លោក Josep Borrell ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប (EU) បានទៅដល់ទីក្រុងគីវហើយ នៅថ្ងៃអង្គារ (ទី៦ ខែកុម្ភៈ) ក្នុងដំណើរមួយ ដើម្បីគូសបញ្ជាក់អំពី «ការគាំទ្រដ៏រឹងមាំ» របស់សហភាពអឺរ៉ុប ចំពោះប្រទេសអ៊ុយក្រែន ខណៈដែលសង្រ្គាមនៅប្រទេសនេះ ជិតដល់ឆ្នាំទី៣ ហើយ។
លោក Borrell បាននិយាយថា កិច្ចពិភាក្សារបស់លោកនៅទីក្រុងគីវ នឹងពិភាក្សាអំពីការគាំទ្រសម្រាប់អ៊ុយក្រែនទាំងផ្នែកយោធា និងផ្នែកហិរញ្ញវត្ថុ ក៏ដូចជាដំណើរការរីកចម្រើនរបស់ទីក្រុងគីវ នៅលើផ្លូវកំណែទម្រង់របស់ខ្លួន ក្នុងកិច្ចប្រឹងប្រែង ដើម្បីបានចូលរួមជាមួយប្លុក ដែលមានសមាជិកចំនួន ២៧ប្រទេសនេះ។
វត្តមានរបស់លោក Borrell ក្នុងដំណើរទស្សនកិច្ចលើកទី៤ របស់លោកទៅកាន់ទីក្រុងគីវ គិតចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយទាំងស្រុងរបស់រុស្ស៊ី កាលពីខែកុម្ភៈ ឆ្នាំ២០២២ កើតមានក្នុងគ្រាដ៏សំខាន់នៃសង្រ្គាមនេះ។
គួរបញ្ជាក់ដែរថា សហភាពអ៊ឺរ៉ុបបានអនុម័តការផ្តល់ជំនួយរយៈពេល ៤ឆ្នាំ ក្នុងទឹកប្រាក់ ៥០ពាន់លានអឺរ៉ូ (៥៤ពាន់លានដុល្លារ) សម្រាប់អ៊ុយក្រែន កាលពីសប្តាហ៍មុន ជាការជំរុញដ៏សំខាន់មួយ សម្រាប់ទីក្រុងគីវ ដែលពឹងផ្អែកយ៉ាងខ្លាំងលើសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន សម្រាប់ការគាំទ្រទាំងផ្នែកយោធា និងហិរញ្ញវត្ថុ៕