ក្រុមហាម៉ាសនិយាយថាខ្លួនបានផ្តល់ការឆ្លើយតបរបស់ខ្លួនចំពោះសំណើក្របខ័ណ្ឌសម្រាប់បទឈប់បាញ់ថ្មីនៅក្នុងតំបន់ហ្កាហ្សា។ ព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងដែលដាក់ចេញដោយអ៊ីស្រាអែល សហរដ្ឋអាមេរិក កាតា និងអេហ្ស៊ីប មិនត្រូវបានចេញផ្សាយទេ។
មុននេះត្រូវបានគេរាយការណ៍ថានឹងរួមបញ្ចូលបទឈប់បាញ់រយៈពេល៦សប្តាហ៍ នៅពេលចំណាប់ខ្មាំងអ៊ីស្រាអែលកាន់តែច្រើននឹងត្រូវបានដោះដូរជាថ្នូរអ្នកទោសប៉ាឡេស្ទីន។ទាំងអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បាននិយាយថា ពួកគេកំពុងពិនិត្យមើលការឆ្លើយតបរបស់ក្រុមហាម៉ាស។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ដែលបច្ចុប្បន្នកំពុងស្ថិតនៅតំបន់មជ្ឈិមបូព៌ា បាននិយាយថា លោកនឹងពិភាក្សាអំពីការឆ្លើយតបរបស់ក្រុមហាម៉ាសជាមួយក្រុមមន្ត្រីនៅក្នុងប្រទេសអ៊ីស្រាអែលនៅថ្ងៃពុធនេះ។ស្របពេលលោក Blinken ពុំបានបង្ហាញថាតើសហរដ្ឋអាមេរិកមានទស្សនៈបែបណាចំពោះការឆ្លើយតបនោះ លោកប្រធានាធិបតី Joe Biden បានហៅថាជាការទាមទារហួសហេតុ ដោយលើកឡើងថា ថ្នាក់ដឹកនាំអ៊ីស្រាអែល នឹងមិនយល់ព្រមយ៉ាងងាយស្រួល ចំពោះអ្វីដែលក្រុមនេះកំពុងស្នើសុំនោះទេ។ មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាសបានប្រាប់ទូរទស្សន៍ BBC ថាក្រុមនេះបានបង្ហាញ ចក្ខុវិស័យវិជ្ជមាន ក្នុងការឆ្លើយតបទៅនឹងក្របខ័ណ្ឌនេះ ប៉ុន្តែបានស្នើសុំឱ្យមានការកែប្រែមួយចំនួនទាក់ទងការកសាងតំបន់ហ្កាហ្សាឡើងវិញ ការវិលត្រឡប់របស់អ្នកស្រុកទៅផ្ទះសម្បែងរបស់ពួកគេ និងការផ្តល់ឲ្យ សម្រាប់អ្នកដែលត្រូវបានភៀសខ្លួនចេញពីលំនៅឋាន។

មន្ត្រីរូបនេះបាននិយាយថា ក្រុមហាម៉ាសក៏បានស្នើសុំការដោះដូរទាក់ទងនឹងការព្យាបាលអ្នករបួស រួមទាំងការត្រឡប់ទៅផ្ទះរបស់ពួកគេ និងការផ្ទេរទៅកាន់មន្ទីរពេទ្យនៅបរទេសផងដែរ។
សំណើនេះត្រូវបានបញ្ជូនទៅកាន់ក្រុមហាម៉ាស ប្រហែលមួយសប្តាហ៍មុន ប៉ុន្តែអ្នកតំណាងម្នាក់បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ខ្លួនបានទទួលរហូតដល់ថ្ងៃអង្គារដើម្បីឆ្លើយតប ដោយសារតែផ្នែកខ្លះនៃសំណើនេះ មិនច្បាស់លាស់និងមិនពេញលេញ។
លោកនាយករដ្ឋមន្ត្រីកាតា Sheikh Mohammed Bin Abdulrahman al Thani បានហៅការឆ្លើយតបរបស់ក្រុមហាម៉ាសថាជាភាពវិជ្ជមានជាទូទៅ៕
