កំពង់ស្ពឺ ៖ មនុស្សចំនួន ៥នាក់ស្លាប់ និង២នាក់រងរបួស ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយរថយន្ត Alphat ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BD-6657 ជាប្រភេទរថយន្តរត់ឈ្នួល បានក្រឡាប់ជាច្រើនជុំនៅលើផ្លូវល្បឿនលឿន ខណៈកំពុងធ្វើដំណើរទិសដៅពីខេត្តព្រះសីហនុ ទៅរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅគីឡូម៉ែតលេខ២០ ស្ថិតក្នុងភូមិសាស្ត្រស្រុកសំរោងទង ខេត្តកំពង់ស្ពឺ លើផ្លូវល្បឿនលឿន ដែលបណ្តាលឲ្យមនុស្សចំនួន ៥នាក់ បានបាត់បង់ជីវិត និងពីរនាក់រងរបួសធ្ងន់ធ្ងរ។
អភិបាលខេត្តកំពង់ស្ពឺ បានអំពាវនាវដល់អ្នកបើកបរ សូមប្រកបដោយការប្រុងប្រយ័ត្នជាប់ជានិច្ច ដោយមិនត្រូវវ៉ាជែងក្នុងស្ថានភាពមិនល្អ គោរពល្បឿននៃការបើកបរ មិនត្រូវបើកក្នុងស្ថានភាពដែលងងុយដេក ឬស្រវឹងឡើយ៕
សូមបញ្ជាក់ថាកាលពីថៃ្ងទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្បែរកន្លែងកើតហេតុនេះ ក៏មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ដ Rangrover មួយគ្រឿងបុករបាំងបាំងផ្លូវបណ្ដាលឲ្យខូតខាតយ៉ាងដំណំ និងរងរបួសផងដែ។
ខណៈពេលនេះសមត្ថកិច្ចនគរបាល អធិការដ្ឋានស្រុកសំរោងទង នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានសហការអន្ដរាគមន៍ជួយសង្គ្រោះ ករណីខាងលើ។
តាមការបញ្ជាក់ពីព័ត៌មានបឋមពីអ្នកឃើញហេតុការណ៍ថា រថយន្ត Alphat ពណ៌សដឹក មនុស្ស លក្ខណៈគ្រួសារ ៧នាក់ ក្នុងគោលបំណងទៅលេងខេត្ដព្រះសីហនុ អ្នកបើកបរជាស្រ្ដី និងមានអ្នកស្លាប់ ៥នាក់នៅហ្នឹងកន្លែង របួសធ្ងន់ ២នាក់៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា
