យ៉ាងហោចណាស់មនុស្ស ១១នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានរងរបួសកាលពីថ្ងៃអង្គារ បន្ទាប់ពីមានការផ្ទុះឆេះរោងចក្រផលិតផាវនៅរដ្ឋ ម៉ាហ៊ីយ៉ា ប្រាដេស (Madhya Pradesh) ភាគកណ្តាលប្រទេសឥណ្ឌា នៅពេលថ្ងៃត្រង់។

ផ្សែង ហុយចេញពីកម្ទេចកម្ទីនៅក្នុងស្រុក Harda បន្ទាប់ពីការផ្ទុះនេះ ខណៈរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានប្រញាប់ប្រញាល់ចូលទៅទីតាំងឆេះ ហើយក្រុមមន្ត្រីជួយសង្គ្រោះបានព្យាយាមនាំយកចេញអ្នកដែលជាប់នៅខាងក្នុងរោងចក្រ។
ស្នងការតំបន់លោក Pawan Kumar Sharma បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន ANI ថា មនុស្សយ៉ាងហោចណាស់ ១៧៤នាក់ ត្រូវបានជួយសង្គ្រោះ និងបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ហើយ មានអ្នកស្លាប់ចំនួន ១១នាក់។
ប្រធានរដ្ឋមន្ត្រី ប្រចាំរដ្ឋ Madhya Pradesh លោក Mohan Yadav បានទៅសួរសុខទុក្ខអ្នករងរបួសនៅមន្ទីរពេទ្យមួយកន្លែងដែលលោកបានជួបអ្នករបួស៩នាក់។
នគរបាល និងមន្ត្រីស្រុក ពុំបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ ដោយនិយាយថាកិច្ចប្រឹងប្រែងជួយសង្គ្រោះនៅបន្ត។
