ក្រុមកសិករអេស្ប៉ាញបានបិទចរាចរណ៍នៅលើផ្លូវហាយវ៉េធំៗជាច្រើន ហើយបានដុតសំបកកង់រថយន្តកាលពីថ្ងៃអង្គារទី៦ខែកុម្ភៈ ខណៈប៊ុលការី បានបិទផ្លូវនានាទូទាំងប្រទេស ដោយចូលរួមជាមួយក្រុមប្រជាកសិករផ្សេងៗទៀតក្នុងបណ្ដាប្រទេសអឺរ៉ុបផ្សេងទៀត ដែលតវ៉ាប្រឆាំងនឹងការចំណាយខ្ពស់លើទំនិញតាមទីផ្សារប៉ះពាល់ដល់ការរស់នៅរបស់ពួកគេ ការិយាធិបតេយ្យ និងការប្រកួតប្រជែងពីប្រទេសមិនមែនសមាជិកសហភាពអឺរ៉ុប។

វីដេអូបង្ហាញពីផ្សែងខ្មៅខ្មួលខ្មាញ់ចេញពីការឆេះសំបកកង់រថយន្តនៅផ្លូវហាយវ៉េ AP-7 ក្នុងទីក្រុងជីរ៉ូណា(Girona) ភាគឦសាននៃតំបន់កាតាឡូនី(Catalonia)របស់អេស្ប៉ាញ។ទិន្នន័យចរាចរណ៍ផ្លូវការបានបង្ហាញថាផ្លូវហាយវ៉េយ៉ាងហោចណាស់១៤ខ្សែ នៅក្នុងតំបន់កាតាឡូនី អានដាលូស៊ី (Andalusia)កាស្ទីល ឡា ម៉ានចា(Castille-La Mancha)និងវ៉ាឡេនស៊ី(Valencia)ត្រូវបានបិទ។

ក្រុមអាជ្ញាធរបាននិយាយថា សមាគម ASAJA និង សមាគមផ្សេងទៀត បានអំពាវនាវឱ្យមានការតវ៉ាចាប់តាំងពីថ្ងៃព្រហស្បតិ៍ថ្ងៃទី ១ ខែកុម្ភៈ សប្តាហ៍មុន ប៉ុន្តែកសិករជាច្រើនបានចេញតវ៉ាតាមផ្លូវជាមួយត្រាក់ទ័ររបស់ពួកគេកាលពីថ្ងៃអង្គារដោយធ្វើឱ្យកកស្ទះចរាចរណ៍នៅទូទាំងប្រទេស ចាប់ពីទីក្រុងសេវីល(Seville)និងក្រាដាណា(Granada) នៅភាគខាងត្បូងរហូតដល់ ទីក្រុង ជីរ៉ូណា (Girona) ជិតព្រំដែនបារាំង។ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ការបិទផ្លូវនៅប្រទេសបារាំង និងបែលហ្ស៊ិក ពេលខ្លះបានឈានដល់ការប៉ះទង្គិចគ្នាដោយហិង្សាជាមួយកងកម្លាំងនគរបាលទៀតផង។
ក្រសួងកសិកម្មរបស់ប្រទេសអេស្ប៉ាញបានប្រកាសកាលពីថ្ងៃអង្គារថាខ្លួននឹងឧបត្ថម្ភសាច់ប្រាក់ ចំនួន២៦៩ លានអឺរ៉ូ ស្មើរ ២៨៩លានដុល្លារ បន្ថែមជាជំនួយដល់កសិករជិត ១៤០.០០០ នាក់ ដើម្បីជួយកាត់បន្ថយផលប៉ះពាល់ពីគ្រោះរាំងស្ងួតដែលអូសបន្លាយពេលយូរ និងសង្គ្រាមនៅអ៊ុយក្រែន។
មិនខុសពីក្រុមកសិករនៅប្រទេសបារាំង បែលហ្ស៊ិក អ៊ីតាលី និងព័រទុយហ្គាល់ កសិករអេស្ប៉ាញនិយាយថាការទាមទារច្បាប់ដាក់លើកសិករសហភាពអឺរ៉ុបដើម្បីការពារបរិស្ថានធ្វើឱ្យពួកគេមានការប្រកួតប្រជែងតិចជាងក្នុងតំបន់ផ្សេងទៀត ដូចជាអាមេរិកឡាទីន ឬប្រទេសមិនមែនសមាជិកសហភាពអឺរ៉ុប៕