ភ្នំពេញ ៖ ដោយទទួលដំណឹងតាមរយៈបណ្តាញសង្គមពីការលំបាករបស់មណ្ឌលមែកឈើ ស្ថិតនៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានចាត់ឲ្យលោក ជិន ប៊ុនធឿន និងក្រុមការងារមនុស្សធម៌នាំយកអំណោយមួយចំនួនធំទៅប្រគល់ជូនមណ្ឌលមួយនេះ ដើម្បីជួយសម្រាលការលំបាកបានមួយរយៈផងដែរ ។
នាឱកាសនោះលោក ជិន ប៊ុនធឿន បានពាំនាំបណ្តាំសួរសុខទុក្ខពីសំណាក់ឯកឧត្តម និងលោកជំទាវ ដែលជានិច្ចកាលលោកតែងតែគិតគូរពីការលំបាករបស់កូនៗ ក្មួយៗដែលរស់នៅតាមអង្គការ សមាគម និងមណ្ឌលនានា ក្នុងព្រះរាជាណាចក្រកម្ពុជា ពិសេសក្មួយៗក្នុងមណ្ឌលមែកឈើ ដែលកំពុងប្រឈមនឹងបញ្ហាជីវភាពក្នុងវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩នេះ ។
សូមបញ្ជាក់ផងដែរថា លោក ផន ផល្លា ជាអតីតក្មេងធ្លាប់រស់នៅក្នុងមណ្ឌល ត្រូវបានឲ្យកាន់តួនាទីបន្តជាប្រធានថ្មីតាំងពីដើមឆ្នាំ២០២០ មកម្ល៉េះ ដើម្បីដឹកនាំនិងស្វែងរកជំនួយពី សប្បុរសជននានាក្នុងស្រុក និងក្រៅស្រុកនាពេលកន្លងមក ។ តែបច្ចុប្បន្នលោកមានផ្ទុកជំងឺកូវីដ-១៩ ក្នុងស្ថានភាពធ្ងន់ធ្ងរ កំពុងទទួលការព្យាបាល ។ ចំណែកឯកុមារចំនួន១០នាក់ផ្សេង ទៀតក៏បានឆ្លងហើយកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ។ ទើបធ្វើឲ្យមណ្ឌលនេះប្រឈមនឹងការខ្វះខាតដើម្បីបន្តចិញ្ចឹមកុមារក្នុងមណ្ឌល ។
សម្រាប់អំណោយរបស់ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ដែលត្ររូវផ្តល់ជូន មណ្ឌលកុមារកំព្រាមែកឈើរួមមាន ៖
១-អង្ករចំនួន ១០ បេ
២- ត្រីខចំនួន ៥ កេស
៣-មីចំនួន ១០ កេសធំ
៤-ត្រីងៀតចំនួន ១០ គីឡូ
៥-សាច់ក្រកចំនួន ១០ គីឡូ
៦-សាច់ជ្រូកផាត់ចំនួន ១០ គីឡូ
៧-ទឹកដោះគោខាប់ចំនួន ៤ កេស
៨-អូវ៉ាន់ទីនចំនួន ៥ កញ្ចប់ធំ
៩-ស្ករសចំនួន ១ បេ
១០-អំបិលចំនួន ១ បេ
១១-ទឹកត្រីចំនួន ៥ យួរ
១២-ទឹកស៊ីអីវចំនួន ៥ យួរ
១៣-ប៊ីចេងចំនួន ១ បេ
១៤-ប្រេងឆាចំនួន ៥ ដបធំ
១៥-សាប៊ូដុំចំនួន ១០០ ដុំ
១៦-វីតាមីនសេចំនួន ៣០
១៧-ប្រេងក្រឡាចំនួន ៥ ដុំ
១៨-ប្រេងខ្យល់ចំនួន ៥ ដុំ
១៩-ម៉ាសចំនួន ៦០ ប្រអប់។
សម្រាប់បុគ្គលិកចំនួន២០នាក់ចូលរួមក្នុងកម្មវិធី ក្នុងម្នាក់ៗទទួលបានឃីដ០១មួយកញ្ចប់ ។ ដោយឡែកកុមារចំនួន៨០នាក់ ក្នុងម្នាក់ៗទទួលបានសម្ភារៈសិក្សា១ឈុត និងប្រដាប់ប្រដាអនាម័យមួយចំនួនផងដែរ ៕







