សហរដ្ឋអាមេរិក បានចោទប្រកាន់រុស្ស៊ី កាលពីថ្ងៃអង្គារ (០៦ កុម្ភៈ) ថាបានបាញ់មីស៊ីលដែលផ្គត់ផ្គង់ដោយកូរ៉េខាងជើង យ៉ាងហោចណាស់ចំនួនប្រាំបួនគ្រាប់នៅអ៊ុយក្រែន ខណៈដែលទីក្រុងមូស្គូ បានចាត់ទុកទីក្រុងវ៉ាស៊ីនតោន ថាជា «អ្នកសមគំនិតដោយផ្ទាល់» ក្នុងការបាញ់ទម្លាក់យន្តហោះដឹកជញ្ជូនយោធារុស្ស៊ី កាលពីខែមុន។

ឯកអគ្គរដ្ឋទូតរុស្ស៊ី របស់អង្គការសហប្រជាជាតិ លោក វ៉ាសស៊ីលី ណេបេនហ៊្សៀ (Vassily Nebenzia) និងអនុប្រធានឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ លោក រ៉ូប៊ឺត វ៉ូដ (Robert Wood) បានធ្វើការចោទប្រកាន់ដាក់គ្នាទៅវិញទៅមកបែបនេះនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីអ៊ុយក្រែន ដែលស្នើឡើងដោយទីក្រុងមូស្គូ។

ទាំងក្រុងមូស្គូ និងក្រុងព្យុងយ៉ាង បានបដិសេធការចោទប្រកាន់នានារបស់សហរដ្ឋអាមេរិក ប៉ុន្តែបានប្តេជ្ញាកាលពីឆ្នាំមុនថានឹងធ្វើឱ្យទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅ។
ជាមួយគ្នានេះ ក្រុមអ្នកស៊ើបអង្កេតរុស្ស៊ី បាននិយាយកាលពីសប្តាហ៍មុនថា ពួកគេមានភស្តុតាងដែលបង្ហាញថាយោធាអ៊ុយក្រែន បានបាញ់ទម្លាក់យន្តហោះដឹកជញ្ជូនយោធា ដែលបានសម្លាប់មនុស្សទាំងអស់នៅលើយន្តហោះនោះចំនួន ៧៤ នាក់ រួមទាំងទាហានអ៊ុយក្រែន ៦៥ នាក់ដែលត្រូវបានចាប់ខ្លួន និងកំពុងធ្វើដំណើរដើម្បីផ្លាស់ប្តូរនឹងឈ្លើយសឹករុស្ស៊ី ដោយប្រើប្រាស់ប្រព័ន្ធមីស៊ីលដែនអាកាស ប៉ាទ្រីយ៉ូដ (Patriot) ផលិតដោយសហរដ្ឋអាមេរិក។

រុស្ស៊ី បានស្នើឱ្យក្រុមប្រឹក្សាប្រជុំកាលពីថ្ងៃអង្គារនោះ បន្ទាប់ពីខ្លួនបាននិយាយថា អ៊ុយក្រែនបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៨ នាក់ នៅពេលដែលខ្លួនបានប្រើគ្រាប់រ៉ូកែតដែលផ្គត់ផ្គង់ដោយលោកខាងលិច ដើម្បីវាយប្រហារហាងនំប៉័ង និងភោជនីយដ្ឋានកាលពីថ្ងៃសៅរ៍ នៅតំបន់ភាគខាងកើតដែលគ្រប់គ្រងដោយរុស្ស៊ី៕