ក្រុមវេជ្ជបណ្ឌិតបាននិយាយថា បុគ្គលិក និងឧបករណ៍វេជ្ជសាស្រ្តកំពុងខ្វះខាតយ៉ាងខ្លាំងនៅក្នុងមន្ទីរពេទ្យអឺរ៉ុបរបស់តំបន់ហ្កាហ្សា ដែលក្រុមគ្រូពេទ្យត្រូវធ្វើការសម្រេចចិត្តដោយបង្ខំក្នុងការផ្ដល់អាទិភាពដល់អ្នកជំងឺណាដែលមានឱកាសរស់រានខ្ពស់ ដោយធ្វើឱ្យអ្នកជំងឺរងរបួសធ្ងន់ធ្ងរជាច្រើនដែលគំរាមកំហែងដល់អាយុជីវិត មិនអាចព្យាបាលបាន។

ពួកគេបាននិយាយថា មន្ទីរពេទ្យអ៊ឺរ៉ុប នៅទីក្រុង ខាន់ យូនីស (Khan Younis) ភាគខាងត្បូង អាចទទួលអ្នកជំងឺតែ ២៤០ នាក់ប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នកំពុងព្យាបាលអ្នកជំងឺប្រហែល ១.០០០ នាក់ ខណៈពេលដែលមនុស្សផ្លាស់ទីលំនៅជាច្រើនក៏កំពុងស្នាក់នៅក្នុងច្រករបៀងរបស់មន្ទីរពេទ្យផងដែរ។

មនុស្សជាង ២៧.០០០ នាក់ត្រូវបានសម្លាប់ និងមនុស្សជាង ៦៦.០០០ នាក់បានរងរបួសនៅក្នុងតំបន់ហ្កាហ្សា ក្នុងអំឡុងពេលយុទ្ធនាការសងសឹករបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ដែលគ្រប់គ្រងតំបន់ហ៊ុមព័ទ្ធនេះ បន្ទាប់ពីការវាយប្រហារឆ្លងព្រំដែនដ៏បង្ហូរឈាមរបស់ខ្លួន។

មន្ទីរពេទ្យភាគច្រើនត្រូវបានបិទ ដោយខ្លះបានវាយប្រហារដោយផ្ទាល់ ឬវាយឆ្មក់ ហើយមន្ទីរពេទ្យដែលនៅតែដំណើរការទាំងនោះ កំពុងស្ថិតក្រោមសម្ពាធកាន់តែខ្លាំងឡើង នៅពេលដែលទាហានអ៊ីស្រាអែលរុញចូលកាន់តែជិត។ អ៊ីស្រាអែលនិយាយថា ក្រុមហាម៉ាស ប្រើមធ្យោបាយលាក់បាំងខ្លួនក្នុងមូលដ្ឋានស៊ីវិលទាំងនោះជាគម្របសម្រាប់គោលបំណងយោធា៕