ក្រុមហាម៉ាស បានព្យាករថា នឹងមានរណសិរ្សរួបរួមមួយ ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលារបស់ខ្លួនបានបង្កឲ្យមានសង្គ្រាមជាមួយអ៊ីស្រាអែល ប៉ុន្តែអ្នកជំនាញនិយាយថា ក្រុមប្រឆាំងនៅក្នុងចលនាប៉ាឡេស្ទីន បានថ្លឹងថ្លែងលើកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកបទឈប់បាញ់។

នៅក្នុងការនិរទេសខ្លួនដោយខ្លួនឯងនៅទីក្រុងដូហា ប្រធានការិយាល័យនយោបាយរបស់ហាម៉ាស លោកអ៊ីស្មេល ហានីយេ (Ismail Haniyeh) កំពុងនិយាយដោយបើកចំហជាមួយអាជ្ញាធរកាតា និងអ្នកសម្របសម្រួល។

ទន្ទឹមនឹងនេះដែរ មេដឹកនាំក្រុមនៅតំបន់ហ្កាហ្សាស្ទ្រីប លោក ហាយ៉ា ស៊ីនវ៉ា (Yahya Sinwar) កំពុងលាក់ខ្លួន បន្ទាប់ពីអ៊ីស្រាអែល បានប្តេជ្ញាថា នឹងតាមក្រុមដែលគេសន្មតថា នៅពីក្រោយការវាយប្រហារនៅខែតុលាដែលបានបណ្តាលឲ្យមនុស្សស្លាប់ដ៏ច្រើននោះ។

មេដឹកនាំជាន់ខ្ពស់នៅតំបន់ហ្កាហ្សា អវត្តមានពីកិច្ចចរចាបទឈប់បាញ់ ប៉ុន្តែអ្នកសម្រុះសម្រួល ត្រូវតែគិតគូរទាំងជំហររបស់ខ្លួន និងលោកហានីយេ ក៏ដូចជាអ៊ីស្រាអែលផងដែរ។
កងកម្លាំងថ្មើរជើងរបស់ក្រុមហាម៉ាស រួមទាំងទីបញ្ជាការយោធារបស់ក្រុម Ezzedine al-Qassam Brigades បានឆ្លើយតបទៅនឹងលោកស៊ីនវ៉ា។
ប្រភពស្និទ្ធនឹងកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលដែលដឹកនាំដោយប្រទេសកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិក បានប្រាប់សារព័ត៌មានAFP ថា រាល់សំណើដែលផ្ញើទៅកាន់ការិយាល័យនយោបាយរបស់ក្រុមហាម៉ាស ត្រូវតែទាក់ទងទៅមន្ត្រីនៅក្នុងតំបន់ហ្កាហ្សា។