ក្រសួងការបរទេសអ៊ីរ៉ាក់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក អង់តូនី ប្ល៊ីនខិន (Antony Blinken) កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់លោក ហ្វីអាដ ហ៊ូសេន (Fuad Hussein) បានសង្កត់ធ្ងន់លើតម្រូវការ ដើម្បីត្រឡប់ទៅរកតុចរចាអំពីអនាគតនៃសម្ព័ន្ធយោធាអន្តរជាតិ ដែលដឹកនាំដោយសហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់។

កិច្ចពិភាក្សារវាងប្រទេសទាំងពីរ បានចាប់ផ្តើមនៅក្នុងខែមករា ប៉ុន្តែតិចជាង ២៤ម៉ោងក្រោយមក សមាជិកសេវាកម្មអាមេរិកបីនាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ នៅក្នុងប្រទេសហ្ស៊កដានី ដែលសហរដ្ឋអាមេរិក បាននិយាយថា ធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរី និងអ៊ី រ៉ាក់។ កិច្ចពិភាក្សានោះ បានផ្អាក តាំងពីពេលនោះមក។
យោធាអាមេរិក បានបើកការវាយប្រហារតាមផ្លូវអាកាសកាលពីថ្ងៃសុក្រទាំងនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីប្រឆាំងនឹងគោលដៅ ៨៥ ដែលភ្ជាប់ទៅនឹងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) និងកងជីវពលដែលខ្លួនគាំទ្រ ជាការសងសឹកចំពោះការវាយប្រហារ នៅក្នុងប្រទេសហ្ស៊កដានី។
លោកហ៊ូសេន បានសង្កត់ធ្ងន់ទៅកាន់លោកប្ល៊ីនខិនអំពីការបដិសេធរបស់រដ្ឋាភិបាលអ៊ីរ៉ាក់ចំពោះការវាយប្រហារបែបនេះ ដោយនិយាយថា៖«អ៊ីរ៉ាក់មិនមែនជាទីលានសម្រាប់ការសងសឹករវាងប្រទេសគូប្រជែងនោះទេ»។
សហរដ្ឋអាមេរិកមានកងទ័ពចំនួន ២.៥០០ នាក់នៅក្នុងប្រទេសអ៊ីរ៉ាក់ ដោយបានណែនាំ និងជួយដល់កងកម្លាំងក្នុងតំបន់ ដើម្បីទប់ស្កាត់ការកើតឡើងវិញនៃក្រុមរដ្ឋអ៊ីស្លាម ដែលនៅក្នុងឆ្នាំ ២០១៤ បានដណ្តើមកាន់កាប់ផ្នែកជាច្រើននៃប្រទេសអ៊ីរ៉ាក់ និងស៊ីរី មុនពេលត្រូវបានបណ្តេញចេញ។ ទាហានរាប់រយនាក់មកពីបណ្តាប្រទេសអឺរ៉ុបភាគច្រើនក៏ជាផ្នែកនៃក្រុមចម្រុះផងដែរ។