ក្រុមការងារអន្តរក្រសួង ត្រួតពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំ បានសម្តែងការព្រួយបារម្ភចំពោះសារធាតុគីមីផ្សំខុសច្បាប់បន្តចូលនៅកម្ពុជា ដោយសារតែការត្រួតពិនិត្យរបស់មន្រ្តីសមត្ថកិច្ចតាមច្រកព្រំដែន លើការចរាចរ ដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន ពិសេសទំនិញជាសារធាតុគីមីផ្សំ នៅមានចំណុចខ្វះខាត។

យោងតាមរបាយការណ៍ដែលបានអាននៅក្នុងកិច្ចប្រជុំរបស់ក្រុមការងារអន្តរក្រសួងត្រួតពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំ ដែលដឹកនាំដោយឯកឧត្តមទេសរដ្ឋមន្រ្តី ព្រំ សុខា អនុប្រធានប្រចាំការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ដោយ យោងលើលទ្ធផល ដែលកម្លាំងសមត្ថកិច្ចជំនាញធ្វើការបង្រ្កាប និងចាប់យកវត្ថុតាងនៃបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀនពិសេសសារធាតុគីមីផ្សំខុសច្បាប់ ដោយពិនិត្យឃើញថា ប្រសិទ្ធភាពនៃការគ្រប់គ្រង និងត្រួតពិនិត្យលើការនាំចូលការនាំចេញ ការដឹកជញ្ជូន ការជួញដូរ ការប្រើប្រាស់ និងការធ្វើសន្និធិសារធាតុញៀន និងសារធាតិគីមីផ្សំ នៅមានចំណុចខ្វះចន្លោះ និងមានបញ្ហាប្រឈមមួយចំនួន ដោយក្រុមការងារសន្និដ្ឋានថា មូលហេតុមកពីការត្រួត ពិនិត្យនៅតាមច្រកព្រំដែន និងតាមរោងចក្រសហគ្រាសនានានៅមានភាពចន្លោះប្រហោង។

ក្រុមការងារអន្តរក្រសួងបានសង្កត់ធ្ងន់ថា« ការត្រួតពិនិត្យរបស់មន្រ្តីសមត្ថកិច្ចតាមច្រកព្រំដែន លើការចរាចរដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន ពិសេសទំនិញជាសារធាតុគីមីផ្សំ នៅមានចំណុចខ្វះខាត។ ការអនុវត្តសកម្ម ភាពរបស់ក្រសួង ស្ថាប័ន ជំនាញមានសមត្ថកិច្ចក្នុងការគ្រប់គ្រងត្រួតពិនិត្យការស្នើសុំ ការនាំចូល ការដឹកជញ្ជូន ការជួញដូរ ការប្រើប្រាស់ និងការធ្វើសន្និធិសារធាតុគីមីផ្សំ នៅតាមក្រុមហ៊ុន រោងចក្រសហគ្រាស នៅពុំទាន់បាន សមស្របតាមតួនាទី និងភារកិច្ចដែលបានកំណត់នៅក្នុងមាត្រាពាក់ព័ន្ធនៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន»។

របាយការណ៍របស់មន្រ្តីអន្តរក្រសួងក៏បានលើកឡើងផងដែរថា ការប្រើប្រាស់ខ្សែបណ្តោយនៅថ្នាក់ក្រោមជាតិរបស់ក្រសួងជំនាញ ដើម្បីបន្តតាមដាន និងត្រួតពិនិត្យការប្រើប្រាស់សារធាតុគីមីផ្សំ នៅពុំទាន់បានសកម្ម និង មានប្រសិទ្ធភាព ហើយការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធនឹងការចរាចរដឹកជញ្ជូនសារធាតុញៀននិងសារធាតុគីមីផ្សំ រវាង អង្គភាពនៅក្នុងតំបន់ព្រំដែន និងអាជ្ញាធរដែនដីរាជធានី-ខេត្ត ដែលមានក្រុមហ៊ុន រោងចក្រ សហគ្រាសប្រើប្រាស់ នៅពុំទាន់បានគ្រប់ជ្រុងជ្រោយជាប្រចាំជាដើម។

យ៉ាងណាក៏ដោយ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារគ្រប់គ្រងត្រួតពិនិត្យការចរាចរដឹកជញ្ជូនសារធាតុគីមីផ្សំឆ្លងកាត់ព្រំដែន និងការទប់ស្កាត់កុំឲ្យមានការបង្វែរពីជំនួញស្របច្បាប់ ទៅផលិតគ្រឿងញៀនខុសច្បាប់នោះ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ដូចជាមន្រ្តីអន្តរក្រសួង បានស្នើសុំដល់អាជ្ញាធរពាក់ ព័ន្ធទាំងអស់ ដែលមានភារកិច្ចក្នុងការគ្រប់គ្រងត្រួតពិនិត្យលើការផ្តល់អាជ្ញាបណ្ណានាំចូល-នាំចេញ ការដឹកជញ្ជូន ការជួញដូរ និងប្រើប្រាស់សារធាតុគីមីផ្សំ ក៏ដូចជាកម្លាំងសមត្ថកិច្ចបម្រើការងារនៅតាមព្រំដែនទាំងអស់ ត្រូវតែរឹត បន្តឹង ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត ក្នុងការត្រួតពិនិត្យលើការដឹកជញ្ជូនឆ្លងកាត់ព្រំដែនរបស់ខ្លួន ទាំងផ្លូវគោក អាកាស និងផ្លូវទឹក។

សូមបញ្ជាក់ថា ក្នុងរយៈពេល៣ឆ្នាំកន្លងទៅនេះ ពោលគឺចាប់ពីឆ្នាំ២០២០ដល់ឆ្នាំ២០២៣ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់បានបង្រ្កាប និងរឹបអូសនូវសារធាតុគីមីផ្សំខុសចាប់ បានជិត ៦០០តោន ខណៈសារធាតុញៀនជាង២០តោន៕ អត្ថបទ៖ បាន ចក់
