ប្រមុខការទូតរបស់ចិន និងន័រវែស បានអំពាវនាវឲ្យមានកិច្ចខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្លោះក្នុងតំបន់ជុំវិញតំបន់ហ្កាហ្សា ខណៈពេលដែលសន្យាគាំទ្រកាន់តែខ្លាំងឡើងសម្រាប់អាជ្ញាធរប៉ាឡេស្ទីន (PA)។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន បាននិយាយថា រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) និងសមភាគីន័រវែស លោក អ៊ីស្ពែន បាស អេដ (Espen Barth Eide) បានផ្លាស់ប្តូរ «ទស្សនៈស៊ីជម្រៅ»ស្តីពីស្ថានភាពនៅមជ្ឈិមបូព៌ា ក្នុងអំឡុងកិច្ចពិភាក្សានៅទីក្រុងប៉េកាំង កាលពីថ្ងៃចន្ទ។

ពួកគេ «បានយល់ព្រមលើតម្រូវការសម្រាប់បទឈប់បាញ់ជាបន្ទាន់ នៅតំបន់ហ្កាហ្សា» និង «បង្កើនជំនួយមនុស្សធម៌ឲ្យបានច្រើន»។
សេចក្តីថ្លែងការណ៍នោះ បានបន្ថែមថា៖«ភាគីទាំងអស់ត្រូវធ្វើការរួមគ្នា ដើម្បីការពារជម្លោះកុំឲ្យរីករាលដាល ហើយ [យើង] អំពាវនាវឲ្យមានការដោះលែងជាបន្ទាន់នូវអ្នកជាប់ឃុំទាំងអស់»។

ទាំងប្រទេសន័រវែស និងចិនគាំទ្រប៉ាឡេស្ទីនជារដ្ឋអធិបតេយ្យ និងបានបញ្ចេញសំឡេងអំពីស្ថានភាពមនុស្សធម៌ នៅតំបន់ហ្កាហ្សាស្ទ្រីប ជាកន្លែងដែលជម្លោះរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ឈានចូលដល់ខែទី៤ ហើយនោះ។