ភ្នំពេញ៖ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី០៧ ខែកុម្ភៈនេះ បានឱ្យដឹងថា ការនាំចូលប្លាស្ទិកនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ មានការថយចុះចំនួន ៣២ ២២៨,៧៣ គីឡូក្រាម ដែលស្មើនឹងប្រមាណ៥០% បើប្រៀបធៀបនឹងត្រីមាសទី៣នៃឆ្នាំដដែល។ ហើយការនាំចូលថង់ប្លាស្ទិកនៅខែមករា ឆ្នាំ២០២៤ មានចំនួន ១២ ០៧៨,០៤ គីឡូក្រាម មានការថយចុះប្រមាណ ៨០% ក្នុងរយៈពេលដូចគ្នា នៅឆ្នាំ២០២៣ ដែលមានចំនួនសរុប ៦២ ២៨៤,០១គីឡូក្រាម។

មន្រ្តីនាំពាក្យក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ទិន្នន័យ នៃការនាំចូល ថង់ប្លាស្ទិកនេះ ត្រូវបានកត់ត្រា ក្នុងឆ្នាំ២០២៣ និងនៅដើមឆ្នាំ២០២៤ ដែលក្រុមហ៊ុនឯកជនបានស្នើសុំការអនុញ្ញាតនាំចូលថង់ប្លាស្ទិក សម្រាប់បម្រើសេវាវេចខ្ចប់ទំនិញក្នុងសង្វាក់ផលិតកម្មរបស់ខ្លួន សម្រាប់ច្រកសំរាម វេចខ្ចប់អាហារ និងប្លាស្ទិកដែលងាយពុកផុយក្នុងបរិស្ថាន (Biodegradable Plastic Bag)។ ចំពោះថង់ប្លាស្ទិកដែលក្រុមហ៊ុនសុំអនុញ្ញាតនាំចូលពីបណ្តាប្រទេសផ្សេងៗនេះ បានអនុលោម ទៅតាមលក្ខខណ្ឌអនុញ្ញាតឱ្យនាំចូល ដែលមានចែងក្នុងអនុក្រឹត្យលេខ ១៦៨ អនក្រ.បក ស្តីពីការគ្រប់គ្រងថង់ប្លាស្ទិក (កម្រាស់ចាប់ពី ០,០៣មីល្លីម៉ែត្រ ឡើងទៅ)។

ជាមួយគ្នានេះ មន្រ្តីនាំពាក្យក្រសួងបរិស្ថាន បានចាត់ទុកថា ការថយចុះនៃការនាំចូលថង់ប្លាស្ទិកមកកម្ពុជា មាន២ករណីរួមមាន៖ទី១.ការយល់ដឹងនិងការចូលរួមរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលបានចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា ២០២៣ កន្លងមក ដែលបច្ចុប្បន្នមានមនុស្សប្រមាណ ជិត៥លាននាក់បានចូលរួមអនុវត្តដោយផ្ទាល់ និងទី២. ការចូលរួមបន្ថែមពីវិស័យឯកជន ធ្វើឱ្យកម្ពុជាដែលជាផ្ទះយើងទាំងអស់គ្នាស្អាត ជួយថែរក្សាភពផែនដី គឺកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញដោយរំលេចចេញលើមុំអាទិភាពចម្បងចំនួន៣ គឺស្អាត បៃតង និងចីរភាព៕ អត្ថបទ៖ទូច សោភ័ណ

